(ភ្នំពេញ)៖ ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការពង្រឹងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈការផ្តល់ជូនសេវាកម្មដែលងាយស្រួល រហ័ស និងមានសុវត្ថិភាព ធនាគារឯកទេសវីង ដែលជាធនាគារផ្តល់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទដៃ ឈានមុខគេក្នុងប្រទេសកម្ពុជា បានផ្តល់ជូនការបង់វិក្កយបត្រអគ្គីសនី ដោយមិនគិតថ្លៃសេវាតាមរយៈគណនីវីង សម្រាប់វិក្កយបត្រដែលតិចជាង ឬស្មើ១០ ម៉ឺនរៀល។
ថ្លែងនៅក្នុងកិច្ចប្រជុំ កំពូលពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០១៧ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Royal Group បានឲ្យដឹងថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលដល់ជីវភាពប្រជាជន វីងបានអនុញ្ញាតឲ្យអតិថិជនអាចបង់វិក្កយបត្រអគ្គិសនី របស់ខ្លួនតាមរយៈគណនីវីង ដោយមិនគិតថ្លៃសេវាឡើយ នៅពេលដែលវិក្កយបត្រមានចំនួនទឹកប្រាក់តិចជាង ឬស្មើ១០ម៉ឺនរៀល ដែលចំណុចនេះ បានផ្តល់អត្ថប្រយោជន៍ ដល់ក្រុមគ្រួសារខ្មែររាប់ពាន់នាក់ទូទាំងប្រទេស។
តាមរយៈអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានបង្ហាញផងដែរថា ការមិនយកថ្លៃសេវាបង់អគ្គិសនីនេះ បានជួយសម្រួលដល់ជីវភាពរបស់ប្រជាជនកម្ពុជាមួយកម្រិត ដោយពួកគាត់អាចសន្សំសំចៃប្រាក់កាស និងចំណាយតិច ក្នុងការប្រើប្រាស់អគ្គីសនី ហើយ វីងគួរតែបន្តអនុវត្តបន្ថែមទៀត ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា។
ឆ្លើយតបទៅនឹងបញ្ហានេះ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកនៃធនាគារឯកទេសវីង បានលើកឡើងថា «យើងបានអនុវត្តការផ្តល់ជូននេះរួចហើយ ព្រមទាំងទទួលបានការគំាទ្រយ៉ាងច្រើនពីអតិថិជនផងដែរ ឥឡូវនេះយើងក៏កំពុងសម្លឹងមើលក្នុងការផ្តល់ជូនផ្សេងៗទៀតផងដែរ ដើម្បីជួលសម្រួលដល់អតិថិជនរបស់យើង»។
ដើម្បីទូទាត់វិក្កយបត្រអគ្គីសនី តាមរយៈគណនីវីង អតិថិជនអាចចុច *989# ហើយជ្រើសរើសលេខ ៥ Bills Payment ឬក៏ប្រើកម្មវិធីស្មាតហ្វូនវីង ដែលលោកអ្នកអាចទាញយកបានពី Google Play store សម្រាប់ប្រភេទទូរស័ព្ទ Android ឬពី App Store សម្រាប់ប្រភេទទូរស័ព្ទ iOS។
សម្រាប់ព័ត៌មានបន្ថែមពីសេវាកម្មវីង សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជន ០២៣ ៩៩៩ ៩៨៩/០១២ ៩៩៩ ៤៨៩ ឬមកកាន់ គេហទំព័រ www.wingmoney.com៕