(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា សម្រាប់លទ្ធផលការងារប្រចាំ ឆ្នាំ២០១៦ ក្រសួងការងារ បានជួយសង្គ្រោះកុមារកម្ពុជា ចេញពីករណីពលករកុមារបានចំនួន ជាង៣ពាន់នាក់ និងផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ពួកគេផងដែរ។
ថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា លទ្ធផលការងារឆ្នាំ២០១៦ ក្រសួងការងារបានដកហូត និងទប់ស្កាត់ពលកម្មកុមារចំនួន «៣,៤២១នាក់»។
លោករដ្ឋមន្រ្តីបានបន្តថា ក្រសួងការងារក៏បានណែនាំម្ចាស់សិប្បកម្មឡឥដ្ឋ ឲ្យរៀបចំបែងចែកទីកន្លែងស្នាក់នៅរបស់កម្មករ ឲ្យដាក់ចេញពីទីតាំងសង្វាក់ផលិត ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ ដល់កុមារដែលស្នាក់នៅជាមួយឪពុកម្តាយ «ដែលអាចនាំឲ្យមានការយលច្រឡំថា ជាពលកម្មកុមារនៅក្នុងសិប្បកម្មឡឥដ្ឋ»។
ទោះយ៉ាងណា ក្រសួងការងារបានដាក់ទិសដៅការងារ ជំរុញការអនុវត្តផែនការសកម្មភាពជាតិ ស្ដីពី ការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ ២០១៦-២០២៥ ក៏ដូចជាទិសដៅការងារមួយចំនួនទៀត ដែលក្រុមមន្រ្តីពាក់ព័ន្ធកំពុងចុះប្រតិបត្តិការផងដែរ៕