(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះ បណ្តាល បានដឹកនាំគណៈប្រតិភូ សំណេះសំណាល និងសួរសុខទុក្ខ សិស្សនាយនគរបាល និងនាយកនគរបាលរង «វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល» ចំនួន១៨០នាក់ នៅសាលានគរបាលជាតិ ភូមិភាគ៤ ខេត្តសៀមរាប នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
សិស្សនាយនគរបាល និងនាយកនគរបាលរងទាំងអស់មកពីខេត្ត សៀមរាប ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ។
ឧត្តមសេនីយ៍ឯក ឯក មនោសែន បានថ្លែងថា ដើម្បីក្លាយជាមន្រ្តីនគរបាលជាតិ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សិស្សនាយនគរបាល និងនាយនគរបាលរង ត្រូវយល់ដឹងពីវិជ្ជាជីវៈនគរបាលកម្រិតបឋមមានចំណេះដឹង មានការប្រតិបត្តិច្បាប់ គោរពវិន័យ និងក្រមសីលធម៌ និងគោរពសិទ្ធមនុស្សមុននឹងត្រូវបានតែងតាំង ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា។
ឧត្តមសេនីយ៍ឯក ឯក មនោសែន បានផ្តល់អនុសាសន៍ ៥ចំណុច ដល់សិស្សនាយនគរបាល-នាយនគរបាលរង រួមមាន៖ ទី១. ត្រូវគោរពឲ្យបានដាច់ខាតរាល់បទប្បញ្ញត្តិនានា ដែលមានចែងក្នុងបទបញ្ជាផ្ទៃក្នុង, ទី២. យកចិត្តទុកដាក់សិក្សារៀនសូត្រ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង, ទី៣. មានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរ និងគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន, ទី៤.ប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនឲ្យចេះមិនមែនរៀនឲ្យចប់» «គុណភាពមិនអាចសម្របសម្រួលបានឡើយ», និងទី៥. ពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មី ជាមន្រ្តីនគរបាលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីថ្នាក់ដឹកនាំផ្ដល់ជំនឿទុកចិត្តមកលើខ្លួន។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា បណ្ឌិត្យសភានគរបាលកម្ពុជា មិនមានការលើកលែង ឬអនុគ្រោះឡើយ ចំពោះសិស្ស ដែលមិនបានគោរពវិន័យ និងមិនបានបំពេញគ្រប់លក្ខខណ្ឌនានា ក្នុងការទទួលបានវិញ្ញាបនបត្រ ។ លោកឧត្តមសេនីយ៍ឯក បន្ថែមថា បណ្ឌិត្យសភាបានប្រកាន់ខ្ជាប់គោលការណ៍សមធម៌ ពោលគឺ អ្នកដែលខិតខំយកចិត្តទុកដាក់ សិក្សារៀនសូត្រ និង គោរពវិន័យបានល្អ ពិតជាទទួលបានជោគជ័យ និងការលើកទឹកចិត្ត ចំណែកអ្នកដែលមិនបានយកចិត្តទុកដាក់ សិក្សារៀនសូត្រ មិនគោរពវិន័យ ពិតជាមិនអាចទទួលបានលទ្ធផលល្អនោះទេ៕