(ភ្នំពេញ)៖ គម្រោងសាងសង់ខ្សែបញ្ជូនតង់ស្យុងខ្ពស់២៣០គីឡូវ៉ុល ជំហានទី២ នៅភាគនារតីកម្ពុជា ដែលមានតម្លៃជាង១៨៥លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានចុះហត្ថលេខាអនុវត្ត នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើង នៅស្នាក់ការកណ្តាលអគ្គិសនីកម្ពុជា រវាងអគ្គិសនីកម្ពុជា តំណាងដោយ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងក្រុមហ៊ុន China National Heavy Machinery Corporation «CHMC» (អ្នកទទួលការ) តំណាងដោយលោក Lu Wenjun អគ្គនាយកក្រុមហ៊ុន CHMC ដោយមានការអញ្ជើញចូលរួមរបស់ លោក Li An តំណាងឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូប។
គម្រោងសាងសង់នេះ មានតម្លៃកិច្ចសន្យាសរុបចំនួន ១៨៥.៧៧៩.៤៤០ដុល្លារអាមេរិក ដែល៨៥% (១៥៧.៩១២.៥២៤USD) ជាឥណទានផ្តល់ដោយពីធនាគារអាហរ័ណនីហរ័ណចិន (China Exim Bank)និង ១៥%ទៀតជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា អនុវត្តក្នុងរយៈពេល៣៦ខែ។
កញ្ចប់ការងារដែលត្រូវចុះកិច្ចសន្យាខាងលើនេះ ជាផ្នែកមួយយ៉ាងសំខាន់នៃការអនុវត្តតាមយុទ្ធសាស្ត្រ ការអភិវឌ្ឍវិស័យ ថាមពលឈានទៅសម្រេចទិសដៅ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការតភ្ជាប់និងផ្គត់ផ្គង់ពីប្រព័ន្ធបណ្តាញជាតិ បញ្ជូនអគ្គិសនីក្នុង គ្រប់រាជធានី-ខេត្ត ទូទាំងប្រទេសឲ្យបានមុនឆ្នាំ២០២០។ ទំហំការងារ រួមមានសាងសង់អនុស្ថានីយធំៗចំនួន៥ ដើម្បីស្រូបយក ថាមពលពីប្រព័ន្ធជាតិទៅផ្គត់ផ្គងតំបន់ថ្មីដូចជា ជ្រោយចង្វារខាងកើត រាជធានីភ្នំពេញ កណ្តាល សៀមរាប កំពង់ធំ និងខេត្តព្រះសីហនុ ព្រមទាំងពង្រីកបន្ថែមចំនួន៩ អនុស្ថានីយនៅខេត្តក្រចេះ ស្ទឹតត្រែង បាត់ដំបង កំពង់ចាម និងកោះកុង ហើយក៏មានការសាងសង់ ខ្សែបញ្ជូនដើម្បីបញ្ជូនថាមពល ២៣០KV ពីរវារីអគ្គិសនីភាគខាងលិច មកបុទុមសាគរនិង ១១៥KV ពីក្រុងព្រះសីហនុ មកស្រុកស្រែអំបិល និងការពង្រឹងអនុស្ថានីយនៅតំបន់ នៃខ្សែបញ្ជូនទាំងនោះផងដែរ។
គម្រោងសាងសង់នេះមានលទ្ធផលភាពពង្រីកវិសាលភាព របស់បញ្តាញជាតិបញ្ជូនបន្ថែមទៅដល់គ្រប់តំបន់ នៃព្រះរាជាណាចក្រកម្ពុជា ហើយទាញយកថាមពលពីប្រភពផ្គត់ផ្គង់ពីវារីអគ្គិសនី និងធ្យូងថ្ម ដែលជាប្រភពគ្រឹះផ្តល់ដល់បណ្តាញបញ្ជូនរងអគ្គិសនី ជនបទ ដើម្បីយកទៅចែកចាយផ្គត់ផ្គង់ទូទាំងប្រទេស។ គម្រោងនេះក៏បង្កើនលទ្ធភាពសមត្ថភាព ក៏ដូចជាប្រើប្រាស់សម្រាប់ បង្កើនស្ថិរភាព របស់ប្រព័ន្ធជាតិ នាំថាមពលដែលមានតម្លៃសមរម្យជូនដល់ប្រជាពលរដ្ឋ ដែលជាកត្តាសំខាន់ក្នុងការពង្រីក សក្តានុពលសេដ្ឋកិច្ច ស្រមតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យថាមពលសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា៕