(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានថ្កោលទោសសម្តីពាលរបស់បុគ្គល ហុង លីម តំណាងរាស្រ្តអូស្រ្តាលី មានដើមកំណើតខ្មែរ ដែលបាននិយាយម៉ាក់ងាយដល់កងទ័ពកម្ពុជា។
ការចេញមុខថ្កោលទោសចំពោះ ហុង លីម បានធ្វើឡើង បន្ទាប់ពីលោកបានផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ដែលស្និទ្ធនឹងគណបក្សប្រឆាំង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញនេះថា កងទ័ពកម្ពុជាបានសម្លាប់ប្រជាពលរដ្ឋ ហើយការពារតែគ្រួសារនាយករដ្ឋមន្រ្តី មិនការពារជាតិ។
លោក ហុង លីម បាននិយាយប្រៀបធៀបរវាងកងទ័ពខ្មែរ និងកងទ័ពថៃថា «ប៉ុន្តែយោធារបស់គេ (ថៃ) គឺជាយោធាឯករាជ្យ ឯយោធា(ខ្មែរ)អស់នេះ បែរជាលេចឮថា “បម្រើគ្រួសារ ហ៊ុន សែន អស់មួយជីវិត បើមានរឿងអីនឹងប្រឆាំងការពារ” វាទៅជាការពារនាយករដ្ឋមន្រ្តីទៅវិញ មិនមែនការពារជាតិ ដែលយួនបានចូលមកពេញស្រុក»។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានចាត់ទុកថា ការលើកឡើងរបស់ លោក ហុង លីម គឺជាសម្តីពាល មិនសមរម្យជាតំណាងរាស្រ្តទាល់តែសោះ ហើយជាការប្រមាថមាក់ងាយដល់កិត្តិយស សេចក្តីថ្លៃថ្នូរបស់ កងយោធពលខេមរភូមិន្ទកម្ពុជា។
លោកបានប្រាប់ Fresh News យ៉ាងដូច្នេះថា៖ «វាជាការលើកឡើងដោយមិនសមរម្យ ជាក់ស្តែងកងយោធពលខេមរភូមិន្ទ កំពុងតែអនុវត្តការងារការពារ អធិបតេយ្យបូរណភាពទឹកដី ហើយពង្រឹងប្រព័ន្ធការពារជាតិតាមព្រំដែនគោក បណ្តាកោះ ធ្វើការល្បាតភូមិសាស្រ្ត អំពើល្មើសតាមព្រំដែន និងសហការ ជាមួយប្រទេសជិតខាងដោយសន្តិវិធី»។
លោកបានបញ្ជាក់បន្ថែមថា កងទ័ពកម្ពុជា ក្រៅពីការពារទឹកដី បូរណភាពដែនដី និងទប់ស្កាត់បទល្មើស និងការបង្កអស្ថិរភាពសង្គម កងទ័ពខ្មែរ ក៏ត្រូវបានបញ្ជូនទៅចូលរួមក្នុងសកម្មភាពថែរក្សាសន្តិភាពក្រោមស្លាកអង្គការសហប្រជាជាតិ ទៅប្រទេសផ្សេងៗផងដែរ។
សូមបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ សមាជិកសភាប្រចាំរដ្ឋវិតូរៀ ប្រទេសអូស្រ្តាលី លោក ហុង លីម ក៏បានហៅរបបនៅក្នុង ប្រទេសកម្ពុជាថាជារបបតិរច្ឆាន ដែលធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា សមាគមន៍មួយចំនួន រួមទាំងប្រជាពលរដ្ឋ។
ពួកគេនាំគ្នាថ្កោលទោសយ៉ាងខ្លាំងចំពោះសម្តីប្រមាថដល់កម្ពុជាដែលធ្វើឡើងដោយ លោក ហុង លីម នាពេលនោះ។ ជាមួយគ្នានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក៏បានដាក់លោក ហុង លីម នៅក្នុងបញ្ជីខ្មៅ ហើយប្រកាសមិនស្វាគមន៍ចំពោះបុគ្គល ហុង លីម មកប្រទេសកម្ពុជាផងដែរ។
ដើម្បីសងសឹកនឹងការប្រកាសថ្កោលទោសនេះ លោក ហុង លីម ក៏បានរៀបចំបាតុកម្មប្រឆាំងនឹង លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន ខណៈដែលលោកទៅធ្វើទស្សនកិច្ចនៅប្រទេសអូស្រ្តាលី កាលពីខែតុលា ឆ្នាំ២០១៦ផងដែរ។ ប៉ុន្តែនៅពេលនេះបុគ្គល ហុង លីម បានប្រមាថដល់កងទ័ពរបស់កម្ពុជាទៀត៕