(ភ្នំពេញ)៖ បន្ទាប់ពីមានការទម្លាយអាស្រូវរបស់មេដឹកនាំ និងតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ជាបន្តបន្ទាប់ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ទំព័រ Facebook ឈ្មោះ «សីហា» បន្តទម្លាយរឿងអាស្រូវរបស់ លោក សម រង្ស៊ីថែមទៀត ដោយចោទថា អតីតប្រធានគណបក្សប្រឆាំងរូបនេះ បានចុះកិច្ច ព្រមព្រៀងជាមួយនឹងជនជាតិភាគតិចដេហ្កាយួន ពាក់ព័ន្ធនឹងរឿងកាត់ដីកម្ពុជា។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង ដែលបានបង្ហាញនៅលើទំព័រ Facebook «សីហា»៖
«គិតៗទៅ អំពើអាក្រក់មិនបាច់រង់ចាំដល់ជាតិក្រោយទេ។ វាអាចផ្តល់ផលទាន់ហន់ក្នុងជាតិនេះតែម្តង។ លោក សម រង្ស៊ី ដែលធ្វើនយោបាយអត្តឃាត រហូតដល់អស់ផ្លូវដើរ ហើយគ្មានជម្រើសអ្វីក្រៅពីប្រកាសលាលែងចេញពីតំណែងប្រធានបក្សសង្គ្រោះជាតិនោះ គឺជាបាបកម្មរបស់គាត់ដែលបានសាង។ មេដឹកនាំបក្សប្រឆាំងរូបនេះដែលតែងតែនិយាយបំផុសប្រជាជនឲ្យស្អប់យួន ពូកែលាបពណ៌ឲ្យគេរឿងយួន តែទីបំផុតគឺខ្លួនឯងទេ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រមព្រៀងទទួលស្គាល់ជនជាតិភាគតិច យួនដេហ្កាទាំងអស់ដែលរស់នៅភាគខាងជើងប្រទេសកម្ពុជា ហើយសន្យាកាត់ដីក្នុងខេត្តមួយចំនួន ឲ្យពួកគេរស់នៅទៀតផង។ ព័ត៌មាននេះទើបតែបែបធ្លាយតាមរយៈគណនីហ្វេសប៊ុកឈ្មោះ សីហា ដែលបានចុះផ្សាយរឿងនេះទាំងខ្លឹមសារ និងរូបភាពដែលមិនអាចប្រកែកបាន។ រឿងអាស្រូវដ៏គួរឲ្យព្រឺក្បាលមួយនេះ មិនអាចឲ្យពលរដ្ឋខ្មែរទទួលយក លោក សម រង្ស៊ី ជាមេដឹកនាំបក្សប្រឆាំងមួយតទៅទៀតបានទេ។
ដូច្នេះការលាលែងពីតំណែងរបស់គាត់ជាដំណឹងដ៏ល្អបំផុតសម្រាប់ប្រជាជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស។
មកដល់ត្រឹមនេះ ខ្ញុំសូមវិភាគបន្តិចអំពីការលាលែងចេញពីតំណែងរបស់លោក សម រង្ស៊ី។ ការលាលែងនេះគឺជាលទ្ធផល នៃនយោបាយអត្តឃាត ដែលមេដឹកនាំបក្សប្រឆាំងរូបនេះតែងតែធ្វើជារៀងរហូតមក។ នរណាក៏ស្គាល់ដែរថាទណ្ឌិតសម រង្ស៊ី ជាមនុស្សដែលធ្វើនយោបាយគ្មានយុទ្ធសាស្ត្រ គ្មានទស្សនៈវិស័យវែងឆ្ងាយ គឺធ្វើតែតាមអារម្មណ៍នឹកឃើញ។ មួយថ្ងៃៗ គិតតែពីរុកគួន រករឿងគណបក្សកាន់អំណាចឥតឈប់ឈរ។
មួយថ្ងៃៗគិតតែពីបំផុសបំផុលឆ្គឹះឆ្គៀលចង់ឲ្យមានចលាចលសង្គម។ គាត់ដុតកម្តៅនយោបាយឲ្យឆេះក្តៅរហូតដោយមិនឲ្យអ្នកណាបានសុខឡើយ។ ដោយសារតែគំនិតអាក្រក់ជួរជាតិនេះហើយបានជាលោក សម រង្ស៊ី ជាប់បណ្តឹងរាប់មិនអស់នៅតុលាការរហូតដល់រើខ្លួនមិនរួច។ ពេលនៅក្រៅស្រុក គាត់គិតតែពីលោតរហូត ជួនកាលលោតមិនដឹងទិសខ្យល់ក៏ត្រូវដួលបាក់ចង្កេះជាញឹកញាប់។ ទោះជាយ៉ាងនេះក៏ដោយ ក៏លោក សម រង្ស៊ី ដែលប្រៀបបាននឹងសត្វមមាចមិនស្គាល់ភ្លើង នៅតែសប្បាយនឹងការធ្វើនយោបាយមិនដឹងខ្យល់របស់ខ្លួនតែរហូត។ ទីបំផុត គាត់បានដឹកនាំគណបក្សសង្គ្រោះជាតិទៅដល់មាត់ជ្រោះមរណៈ។ គាត់អស់ផ្លូវ រឹងថ្គាម គ្មានជម្រើសក្រៅពីការប្រកាសលាលែងពីតំណែងជាប្រធានគណបក្សយ៉ាងអាម៉ាស់ពីព្រោះបើគាត់មិនលាលែងទេ លោក សម រង្ស៊ី ខ្លាចជាប់ឈ្មោះថាជាអ្នកបំផ្លាញគណបក្សសង្គ្រោះជាតិឲ្យរលាយដូចអំបិលត្រូវទឹក។
ទោះជាគាត់លាចេញពីតំណែងយ៉ាងអាម៉ាស់បែបនេះក៏ដោយ ក៏ទណ្ឌិតសម រង្ស៊ី នៅឆ្លៀតកេងចំណេញពីការលាចេញពីតំណែងនេះដែរ។ គាត់បានខិតខំប្រែក្លាយភាពអាម៉ាសនេះដើម្បីទាក់ទាញសមានចិត្តអ្នកគាំទ្រផ្កាប់មុខមួយចំនួន រាប់ទាំងអ្នកវិភាគផ្កាប់មុខខ្លះផងដោយខំធ្វើឲ្យគេអាណិតអាសូរ ហើយចាត់ទុកការលាលែងយ៉ាងអាម៉ាស់នេះថា ជាការលះបង់ទៅវិញ។ តើលោក សម រង្ស៊ី ឯណាទៅហ៊ានលះបង់តំណែងងាយៗបែបនេះ? គាត់ធ្វើនយោបាយដោយតាំងខ្លួនជាតួឯករហូតមក ដោយគ្មានអ្នកណាហ៊ានប្រឆាំងតវ៉ាទេ។ បើអ្នកណាហ៊ានបញ្ចេញមតិរិះគន់ លោកប្រធាន អ្នកនោះច្បាស់ជានឹងត្រូវបណ្តេញចេញពីបក្ស ហើយនឹងត្រូវគេលាបពណ៌ថា លក់ក្បាលឲ្យបក្សផ្សេងជាមិនខាន។ ទោះបីជាពេលនេះ លោក សម រង្ស៊ី លាចេញពីតំណែងប្រធានបក្សសង្គ្រោះជាតិ ក៏គាត់មិនប្រាកដថាអាចសង្គ្រោះបក្សខ្លួនឯងឲ្យរស់រានមានជីវិតបាននោះដែរពីព្រោះអំពើអាក្រក់ដែលគាត់បានសាងមានច្រើនរាប់មិនអស់។
មានតែអ្នកផ្កាប់មុខមួយចំនួនប៉ុណ្ណោះដែលនៅតែជឿលោក សម រង្ស៊ី ហើយនៅតែខិតខំលាបក្រែម ថែមម្សៅឲ្យលោក សម រង្ស៊ី ពីភាពអាម៉ាស់មកជាភាពគួរឲ្យអាណិតអាសូរនោះ។ ក្រៅពីនោះ គេបានមើលឃើញគ្រប់គ្នាថា គឺជាភាពទាល់ច្រករបស់ លោក សម រង្ស៊ី យ៉ាងពិតប្រាកដ ដោយសារតែគាត់សាងអំពើអាក្រក់ច្រើនពេក។
ជាក់ស្តែង រឿងអាស្រូវក្បត់ជាតិមួយដែលទើបត្រូវបានគេទម្លាយតាមហ្វេសប៊ុក កាលពីថ្ងៃអាទិត្យ គឺពាក់ព័ន្ធនឹងការឃុបឃិតជាមួយយួន ទទួលស្គាល់ជនជាតិភាគតិចយួនថាជាជនជាតិខ្មែរ ហើយថែមទាំងអនុញ្ញាតឲ្យអ្នកទាំងអស់នោះរស់នៅលើទឹកដីខ្មែរដោយកាត់ដីខ្មែរឲ្យយួនថែមទៀត។ នេះឬអ្នកដែលអះអាងមិនដាច់ពីមាត់ថា ស្អប់យួននោះ? រឿងអាស្រូវក្បត់ជាតិចុងក្រោយរបស់គាត់នេះ បានធ្វើឲ្យគេនឹកឃើញដល់អតីតកាលរបស់គ្រួសារគាត់ដែលមិនខុសពីសុភាសិតខ្មែរបានចារទុកថា “ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន”។ នេះជាទណ្ឌកម្មរបស់ដូនតាខ្មែរដែលបានដាក់ទៅលើទណ្ឌិត សម រង្ស៊ី ឲ្យជ្រុះពីតំណែងប្រធានគណបក្សប្រឆាំងដើម្បីកុំឲ្យគាត់មាន ឱកាសប្រព្រឹត្តអំពើក្បត់ជាតិដែលគាត់កំពុងធ្វើនេះតទៅទៀតបានឡើយ»៕