(ភ្នំពេញ)៖ លោក ណយ ចាន់ណារ័ត្ន មន្ត្រីនគរបាលព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវ បានឲ្យភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា រយៈពេល៣ថ្ងៃជាប់គ្នានេះ កម្លាំងនគរបាលខណ្ឌ សហការជាមួយកម្លាំងតាមបណ្ដាប៉ុស្ដិ៍ ក្នុងមូលដ្ឋាន បានបង្ក្រាបបទល្មើស ១៥ករណី ក្នុងនោះមានបទ ល្មើសមជ្ឈឹម បទជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យស្រីប្រុស ជាបន្តបន្ទាប់ចំនួន៤៨នាក់ ដកហូតបានថ្នាំញៀនជាច្រើនកញ្ចប់ និងវត្ថុតាងពាក់ព័ន្ធផ្សេងៗទៀត ជាច្រើនផងដែរ។
លោក ណយ ចាន់ណារ័ត្ន បានបញ្ជាក់ថា ការអនុវត្តយុទ្ធនាការបង្ក្រាបគ្រឿងញៀននៅទូទាំងប្រទេស រហូតអាចឈានទៅបង្ក្រាប ឃាត់ខ្លួនជនសង្ស័យទាំង៤៨នាក់នេះ ត្រូវបានធ្វើឡើងទាំងយប់ទាំងថ្ងៃ ជាបន្តបន្ទាប់ កាលពីថ្ងៃទី១៣-១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតនៅតាមបន្ទប់ជួល តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក សង្កាត់ទួលសង្កែ និងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ដោយមានការដឹកនាំផ្ទាល់ ពីអភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី និងលោក ទៀង ច័ន្ទសារ អធិការនគរបាល ខណ្ឌឫស្សីកែវ ព្រមទាំងមានការចូលរួមសម្របសម្រួល ពីតំណាងអយ្យការថែមទៀត។
មន្ត្រីនគរបាលដដែលបានបញ្ជាក់ទៀតថា ក្រោយពីបង្ក្រាបជនសង្ស័យ ទាំង៤៨នាក់ ក្នុងនោះមានស្រី៧នាក់ សុទ្ធតែពាក់ព័ន្ធ បទល្មើសមជ្ឈឹម មានទាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀន រួមជាមួយវត្ថុតាង ដែលដកហូតបានពីសកម្មភាព ត្រូវបញ្ជូនមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សី កែវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕