(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងអ្នកនាំពាក្យ បានលើកឡើងសុំឲ្យវិទ្យុអាស៊ីសេរី លុបងារជាអ្នក «វិភាគឯករាជ្យ» ចេញទៅដោយយកងារផ្លូវការរបស់លោកបណ្ឌិតជាទីប្រឹក្សាគណបក្សសង្រ្គោះជាតិ ដែលមាននិន្នាការប្រឆាំង និងរាជរដ្ឋាភិបាលជាអចិន្ត្រៃយ៍នោះ, ហើយលោក បានបញ្ជាក់ថា វិទ្យុអាស៊ីសេរី បានប្រឌិតនូវកលល្បិច បំភ័ន ភូតភរ មហាជននិងព្យាយាមលាក់បាំងអំពីតំណែងផ្លូវការរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ។
តាមរយៈលិខិតចំហរមួយរបស់លោក ផៃ ស៊ីផាន នៅរសៀលថ្ងៃនេះបានរៀបរាប់នូវខ្លឹមសារយ៉ាងដូច្នេះថា៖ អ្នករិះគន់របស់អ្នកវិភាគដែលប្រឌិតរហ័សនាម អ្នកវិភាគឯករាជ្យបណ្ឌិត ឡៅ ម៉ុងហៃ ដោយវិទ្យុអាស៊ីសេរី គឺជាការប្រឌិតនូវកលល្បិច បំភ័ន ភូតភរ មហាជនបានលាក់បាំងអំពី តំណែងទីប្រឹក្សាប្រធានស្តីទី គណបក្សសង្គ្រោះជាតិ មកជាអ្នកវិភាគឯករាជ្យ។
អ្នកនាំពាក្យដដែលរូបនោះបានលើកឡើងថា លោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលជាអ្នកឃោសនាឲ្យគណបក្សសង្រ្គោះជាតិ ឬជាអ្នកប្រឆាំងរាជរដ្ឋាភិបាល ជាអចិន្ត្រៃយ៍ដែលយល់ឃើញថាជា «ការគួរឲ្យអាម៉ាស ដែលរាជរដ្ឋាភិបាលហាមឃាត់ មិនឲ្យអង្គការសហប្រជាជាតិជ្រៀតជ្រែក លូកដៃក្នុងបញ្ហាផ្ទៃក្នុង ឬបំពានលើអធិបតេយ្យកម្ពុជា»។
ការយល់ច្រលំរបស់បណ្ឌិតទីប្រឹក្សាដល់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ! ដែលជាទម្លាប់មើលឃើញកម្ពុជាឋិតនៅក្រោមអាណានិគមរបស់ អង្គការសហប្រជាជាតិ ឬក្រោមនិយមបរទេស គឺជាការយល់ច្រលំធំមួយដែលគួរឲ្យអាម៉ាស់រួចស្រេចទៅហើយ នោះមិនគិតពីនិន្នាការនយោបាយប្រ ឆាំងផ្តាច់មុខជាអចិន្ត្រៃយ៍ ផ្ទុយនិងរបបប្រជាធិបតេយ្យសេរីពហុបក្ស។
អ៉ីរ៉ាក់ ស៊ីរី លីប៊ី តើអង្គការសហប្រជាជាតិបានចូលរួមចំណែកធ្វើអ្វីខ្លះ ក្រៅលើការបិទភ្នែកនិងជួយគាំទ្រ ជាប្រយោលដល់ដំណើរការឈ្លានពាន និង ឆក់ឧកាសឆ្លៀត ធ្វើជំនួញនោះដោយមិនគិតរឿងអាស្រូវ ពុករលួយ ឃុបឃិត រកស៊ី ប្រវ័ញលើឈាម និងជីវិតរបស់ប្រជាពលរដ្ឋរងគ្រោះទាំងនោះ ដូចជាមានការចោទប្រកាន់ថា កូនលោក កាហ្វីអាណាន់ ឃុបឃិត រកស៊ីមុខរបរប្រេងទៅលើប្រជាជាតិដែលទទួលបំផ្លាញដោយសង្រ្គាម។
លោក ផៃ ស៊ីផាន បានបន្តថា៖ តើ UNTAC បានបញ្ចប់សង្រ្គាមស៊ីវិល នៅកម្ពុជាដែរឬទេ? តើប្រទេសណាខ្លះ បានមើលស្រាល និងធ្វើការតិចទាន និងវាយប្រហារដល់មន្រ្តី UN ដែលបំពេញការងារអន្តរជាតិ? ថ្មីៗនេះលោកប្រធានាធិបតី ដូណាល់ត្រាំ សហរដ្ឋអាមេរិក លោកប្រធានាធិបតី ដូធើតេ ហ្វីលីពីន ក៏ដូចជារដ្ឋាភិបាលភូមា ក៏បានបញ្ចេញប្រតិកម្ម វាយប្រហារ ដល់មន្រ្តីអង្កការសហប្រជាជាតិផងដែរ។
មិនត្រឹមតែអង្គភាពជាមួយ និងការជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងនោះទេ។ លោកបណ្ឌិតទីប្រឹក្សាថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ គួរតែតវ៉ាឲ្យ វិទ្យុអាស៊ីសេរី លុបងារបញ្ជើតបញ្ជើរថា ជាអ្នក «វិភាគឯករាជ្យ» ចេញទៅដោយយកងារផ្លូវការរបស់ លោកបណ្ឌិតជាទីប្រឹក្សាគណបក្សសង្រ្គោះជាតិ ហើយមាននិន្នាការប្រឆាំង និងរាជរដ្ឋាភិបាលជាអចិន្ត្រៃយ៍នោះ។ ពាក្យបណ្ឌិតដែលជាធនធានបញ្ញាវ័ន្ត មិនគួរណាបាត់បង់នូវភាពជាបញ្ញាវ័ន្តក្នុងការប្រើប្រាជ្ញា ការពារ រក្សា និងអភិវឌ្ឍ ប្រទេសជាតិ ក៏ប៉ុន្តែបែរជាយកអាទិភាពជាអ្នកឃោសនាសម្រាប់មហិច្ឆតានយោបាយ ជាជាងធនធានជាតិដែលការពារ ឯករាជ្យ និងអធិបតេយ្យជាតិ៕