(ភ្នំពេញ)៖ កម្មវិធីវេទិការស្ថាបនាធនធាន (Wealth Building ) បានបើកសម្ពោធជាផ្លូវការហើយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នាសណ្ឋាគារ សុខាភ្នំពេញ ដែលជាវេទិការទីដំបូងគេបង្អស់នៅកម្ពុជា ដើម្បីបង្កើតធនធានមនុស្សដ៏ពិតប្រាកដ លើការគ្រប់គ្រងហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកទីផ្សារ ។
វេទិការនេះ ក៏មានការចូលរួមយ៉ាងច្រើន ពីប្រធានក្រុមហ៊ុនគ្រប់ស្ថាប័ន អ្នកជំនួញ និងនិស្សិតផងដែរ ទាំងជាតិ និងអន្ដរជាតិ ហើយក៏មាននៅស្ដង់ចូលរួមប្រមាណ ២០ស្ដង់ សម្រាប់Business និង៣០ស្ដង់សម្រាប់ Startup Business ។
កញ្ញា ដែក ដារី អគ្គនាយកក្រុមហ៊ុន៣៦០ Events ជាអ្នកបង្កើតកម្មវិធីនេះឡើង បានថ្លែងថា «បានជាខ្ញុំបើកវេទិការស្ថាបនាធនធាននោះឡើង ដោយសម្លឹងឃើញថា នៅកម្ពុជាមានការកើនឡើងនូវស្ថាប័នក្រុមហ៊ុនជាច្រើន ដោយទាក់ទងអំពីហិរញ្ញាវត្ថុ និងសេវាកម្មផ្សេងៗ ប៉ុន្ដែការយល់ដឹងរបស់ប្រជាជននៅមានកម្រិត ដោយធ្វើឲ្យពួកគាត់តែងតែពឹងពាក់លើអ្នកដទៃ ចំណែកឯផ្នែកទីផ្សារក៏មិនខុសគ្នាប៉ុន្មានដែរ ដូច្នេះហើយទើបយើង បានបង្កើតកម្មវិធីនេះ ដើម្បីប្រមូលផ្ដុំបណ្ដាក្រុមហ៊ុននានាមកចូលរួមបង្ហាញពីផលិតផល និងសេវាកម្មក្នុងឧស្សាហកម្មរបស់ខ្លួន នៅក្នុងកម្មវិធីតែមួយតែម្ដង»។
កញ្ញាបន្ដថា កម្មវិធីនេះ ជាព្រឹត្ដិការណ៍ដែលមាន៣ពិព័រណ៌ រួមបញ្ជូលគ្នា គឺវេទិកាគ្រប់គ្រងទ្រព្យសម្បត្ដិ, ពិព័រណ៌ទីផ្សារ និងពិព័រណ៌Startup ដើម្បីបង្កើនវេទិការអរប់រំមួយ ស្ដីពីហិរញ្ញវត្ថុ និងសម្រាប់សាធារណៈជន ការបង្ហាញផលិតផល និងសេវាកម្ម Marketing ក៏ដូចជាសម្រាប់ម្ចាស់អាជីវកម្ម Startup ជួបជាមួយនឹងដៃគូពាណិជ្ជកម្មនិងវិនិយោគិនផងដែរ។
កញ្ញាបន្ដថា «ស្របពីជាមួយគ្នានោះដែរ យើងឃើញមានការកើនឡើង នៅអ្នកដែលបង្កើតជំនួញថ្មីៗ ហើយយើងក៏ជ្រើសរើសបាន ជាង២០ក្រុមហ៊ុន ដែលទើបតែបង្កើននៅឆ្នាំ២០១៦-២០១៧ ដោយយើងបានផ្ដល់ជាស្ដង់ដោយឥតគិតថ្លៃ សម្រាប់ឲ្យពួកគាត់តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួន ទៅកាន់អ្នកវិនិយោគិន និងអតិិថិជន ។ ពួកយើងពិតជារំភើបដែលបានឃើញ Startup Fair នៅកម្ពុជា ហើយក៏ជាម្ចាស់ឧបត្ថម្ភកម្មវិធីជាច្រើន នៅតាមស្ថាប័នល្បីៗនៅកម្ពុជា» ។
គួរបញ្ជាក់ផងដែរថា កម្មវិធីវេទិការស្ថាបនាធនធាន (Wealth Building ) ដែលបានបើកសម្ពោធដំបូងគេនៅកម្ពុជានេះ មានរយៈពេល២ថ្ងៃ (ថ្ងៃទី១៦-១៧ខែកុម្ភៈនេះ) ដែលប្រារព្ធធ្វើនៅ សណ្ឋាគារសុខាភ្នំពេញ ដែលកម្មវិធីនេះក៏មានសិក្ខាសាលាចែកចេញជា៨វគ្គ រៀបចំឡើងដើម្បីចែករំលែកការយល់ដឹងពីសំណាក់វាគ្មិន ដែលមានបទពិសោធន៍ ក្នុងជីវិតការងារប្រចាំថ្ងៃផ្សេងៗគ្នា និងឱកាសសម្រាប់ចែករំលែក ចំណេះដឹងទៅវិញទៅមក ទៅកាន់ទស្សនិកជន ដែលជាបុគ្គលិកក្រុមហ៊ុន និងសិក្សានុសិស្សដែលបានចូលរួម ពិសេសបង្កើតឲ្យមានកិច្ចសន្ទនាដោយផ្ទាល់នៅក្នុងចំណោមភាគីពាក់ព័ន្ធក្នុងអំឡុងសំនួរ ចម្លើយផងដែរ។
ព័ត៌មានលម្អិត សូមចូលទៅកាន់វេបសាយ៖ www.weathbuildingcambodia.com៕