(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ បានចុះត្រួតពិនិត្យការហ្វឹកហ្វឺនជំនាញឆ្លាមសមុទ្រ និងសួរសុខទុក្ខសិក្ខាកាម នៅកោះតាគៀវ ខេត្តព្រះសីហនុ។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ឯក មេបញ្ជាការកងពលតូចពិសេស ឆត្រយោង៩១១ ឧត្តមនាវីឯក មេបញ្ជាការរងកងទ័ពជើកទឹក ឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ ស្នងការរង ព្រមទាំងនាយទាហាន នៃកងយោធពលខេមរភូមិន្ទ នាយទាហាន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាច្រើនរូបផងដែរ។
ក្រោយពីលោកឧត្តមសេនីយ៍ត្រី ស៊ុ សំណាង មេបញ្ជាការរង និងជានាយសេនាធិការកងពលតូច ពិសេសឆត្រយោង៩១១ បានរាយការណ៍អំពីការហ្វឹកហ្វឺនកន្លងមក នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងការកោតសរសើរចំពោះអ្នកដឹកនាំ អ្នកគ្រប់គ្រង និងយោធាចារ្យ ទាំងអស់ ដែលបានខិតខំប្រឹងប្រែងសម្រេច បាននូវភារកិច្ចរបស់ខ្លួនក្នុងការហ្វឹកហ្វឺនជំនាញឆ្នាមសមុទ្រនេះ និងទទួលបានជោគជ័យជាទីមោទន។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «ការខិតខំប្រឹងប្រែងរបស់សិក្ខាកាមទាំងអស់ គឺចុងក្រោយទទួលបានវិញ្ញាបណ្ណបត្រ បញ្ជាក់ការសិក្សាមួយដ៏មានតម្លៃបំផុត»។
ជាទីបញ្ចប់នាយឧត្តមសេនីយ៍ បានឧបត្ថម្ភដូចជាទឹកដោះគោ ស្ករស ដើម្បីបំប៉នសុខភាពរបស់សិក្ខាកាម និងផ្តល់ថវិកាសរុបចំនួន ២៥លានរៀល ព្រមទាំងផ្តល់សាំងចំនួន៥០០០លីត្រផងដែរ៕