(រតនគិរី)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តរតនគិរី សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបន្តចុះអង្កេត និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារចំនួនពីរ គឺផ្សារបរកែវ និងផ្សារអូយាដាវ ស្ថិតក្នុងខេត្តរតនគិរី ដែលជាលទ្ធផលរកឃើញទឹកដោះគោជូ ទឹកផ្លែឈើ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកម្ទេសដែលខូចគុណភាព ដោយសរុបចំនួន១៧៣គីឡូក្រាម។
មន្រ្តីកាំកុងត្រូលខេត្តរតនគិរី បានឲ្យដឹងថា «ដោយគិតពីសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ មន្រ្តីកាំកុងត្រូលខេត្ត បានយកចិត្តទុកដាក់ បានពិនិត្យតាមផ្ទះ និងតាមផ្សារ និយាយរួមគឺតាមផ្សារនានា នៃខេត្តរតនគិរីតែម្តង ហើយជាលទ្ធផល យើងបានរកឃើញទំនិញខូចគុណភាព១៧៣គីឡូក្រាម ខូចគុណភាព។ យើងបានធ្វើកំណត់ហេតុ ដកហូតយកទៅដុតកម្ទេចចោលផងដែរ»។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
មន្រ្តីកាំកុងត្រូលសាខាខេត្តរតនគិរី បានបន្តថា ការធ្វើបែបនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជួយកាត់បន្ថយផលប៉ះពាល់ ដល់អ្នកប្រើប្រាស់ និងប្រជាពលរដ្ឋយើង។ ទាំងនេះដោយមានការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាន និងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ៕