(បន្ទាយមានជ័យ)៖ ស្ត្រីជនជាតិខ្មែរ២នាក់ បានស្លាប់យ៉ាងវេទនា ក្នុងថ្លុកឈាមនៅខេត្តច័ន្ទបុរី ប្រទេសថៃ ក្រោមផ្លែកាំបិតដ៏មុតស្រួច របស់ឃាតកម្នាក់ ដែលជាជនជាតិខ្មែរដូចគ្នា តែរហូតមកទល់នឹងពេលនេះ នៅមិនទាន់ដឹងអំពីមូលហេតុនៅឡើយទេ។
យោងតាមសេចក្តីរាយការណ៍ ពីភ្នាក់ងារសារព័ត៌មានក្នុងស្រុកថៃ បានឲ្យដឹងថា ករណីឃាតកម្មយ៉ាងសាហាវនេះ បានកើតឡើង នៅវេលាម៉ោង០៨៖៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចក្បែស្ថានីយ៍ តម្រួតការពារព្រំដែនលេខ១១៥ ក្នុងស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ទល់មុខនឹងស្រុកកំរៀង ខេត្តបាត់ដំបង។
ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុ និងបន្ទាប់ពីមានការភ្ញាក់ផ្អើលនេះរួចមក ជនសង្ស័យដែលជាមនុស្សប្រុស និងជាជនជាតិខ្មែរ បានរត់គេចខ្លួនចូលក្នុងព្រៃតាមខ្សែបន្ទាត់ ព្រំដែនបាត់ស្រមោល។ ដោយឡែក នៅត្រង់ទីតាំង កើតហេតុគេសង្គេតឃើញមានស្ត្រី២នាក់ បានដេកស្លាប់ក្នុងថ្លុកឈាម ក្រោមមុខកាំបិតជាច្រើនកន្លែងនៅលើរាងកាយ។
ភ្លាមៗនោះដែរបន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ក្រុមតម្រួតការពារព្រំដែន បានចេញប្រតិបត្តិការ ដើម្បីតាមប្រមាញ់ទៅលើជនសង្ស័យ ក្នុងភូមិសាស្ត្រខាងលើរហូតចាប់ខ្លួនបានព្រមទាំងបានប្រគល់ទៅ ឲ្យកម្លាំងជំនាញស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ក្នុងការនាំខ្លួនយកទៅសាកសួរអំពីដំណើររឿង និងមូលហេតុដែលឈានដល់ការ ចាក់សំលាប់គ្នាបែបនេះ។
បច្ចុប្បន្ន នៅមិនទាន់ទទួលបាន ចម្លើយសារភាពអំពីអត្តសញ្ញាណរបស់ស្ត្រីរងគ្រោះ និងឃាតក ព្រមទាំងមូលហេតុនោះនៅឡើយទេ៕