(កំពង់ធំ)៖ កម្លាំងសមត្ថកិច្ចចម្រុះរួមមាន អាជ្ញាធរដែនដី មន្រ្តីកាំកុងត្រូល មន្រ្តីមន្ទីរពាណិជ្ជកម្ម ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមមសាលា ដំបូងខេត្តកំពង់ធំ លោក អ៉ិត សុធា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដុតកម្ទេចចោលនូវទំនិញខូចគុណភាព ដែលមន្រ្តីកាំកុងត្រូលដកហូតពីអាជីវករ លក់ដូរតាមផ្សាររយៈពេលមួយឆ្នាំកន្លងមកនេះ។
មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា ទំនិញខូចគុណភាពអស់មានជាង៣តោន សរុបមាន២២មុខ សុទ្ធតែជាទំនិញខូចគុណភាព ដែលមន្រ្តីកាំកុងត្រូល ចុះធ្វើការដកហូតតាមផ្សារក្នុងខេត្តកំពង់ធំ។
ទំនិញខូចគុណភាពជាង៣តោន ដែលមន្រ្តីកាំកុងត្រូលបានដកហូតពីអាជីវករលក់ដូរនានា តាមផ្សារខេត្តកំពង់ធំ រួមមាន៖ ភេសជ្ជៈគ្រប់មុខ សរសៃគុយទាវ នំ ចាហួយដូង ប៊ឺរ ម្ស៉ៅបូរ៉ាក់ ណែម ទឹកដោះ ឡេលាបស្បែក។
មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ ក៏បានថ្លែង សរសើរ និងអរគុណដល់បងប្អូនអាជីវករមួយចំនួន ដែលបានធ្វើកិច្ចសហការល្អ ជាមួយក្រុមការងារ និងបានយល់ដឹងអំពីផលប៉ះពាល់បណ្តាលមកពីផលិតផល ខូចគុណភាព ដោយបានសុខចិត្តផ្តល់ដល់ក្រុមការងារ នូវផលិតផលខូចគុណភាពទាំងអស់នោះ។
ជាមួយគ្នានោះ មន្រ្តីកាំកុងត្រូល ក៏បានអំពាវនាវដល់អាជីវករ លក់ដូរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះទំនិញរបស់ខ្លួន ត្រូវដឹងពីប្រភពឲ្យច្បាស់ មុននឹងចែកចាយបន្ត៕