(ប៉ៃលិន)៖ ក្រុមការងារមូលនិធិសម្តេចក្រឡាហោម ស ខេង ខេត្តប៉ៃលិន រួមនឹងក្រុមការងារការិយាល័យ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលប៉ៃលិន និងស្នងការនគរបាលខេត្ត បានអញ្ជើញជួបសួរសុខទុក្ខ និងរៀបចំពិធីក្រុងពាលីសាងសង់ផ្ទះថ្មថ្មី ចំនួន២ខ្នង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅខេត្តប៉ៃលិន។
ការចុះរៀបចំកម្មវិធីក្រុងពាលីសាងសង់ផ្ទះថ្មថ្មី ចំនួន២ខ្នង ជូនប្រជាពលរដ្ឋខ្វះខាតនាពេលនេះ បានធ្វើឡើងក្រោយពីមានការយកចិត្តទុកដាក់ និងចាត់ចែងពី លោកស្រី បាន ស្រីមុំ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន។
អំណោយរបស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ២គ្រួសារ ដែលមានជីវភាពខ្វះខាត និងគ្មានគេហដ្ឋានស្នាក់នៅសមរម្យ ចំនួន២គ្រួសារ ដោយមួយគ្រួសារ ជាស្រ្តីមេម៉ាយ មានកូនភ្លោះ ប្តីទើបទទួលមរណភាព និងមួយគ្រួសារ មានកូនច្រើនក្នុងបន្ទុក ស្ថិតនៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងឱកាសនោះក្រុមការងារ បាននាំបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ជូនគ្រួសារ ដែលទទួលបាន ផ្ទះថ្មីនាពេលនេះ ដោយសម្តេច និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ជាប្រចាំ ពីសុខទុក្ខរបស់ ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស តាំងពីអតីតកាល រហូតដល់បច្ចុប្បន្ន។
ក្នុងឱកាសនោះដែរ ក្រុមការងារ បានជួយរើប្តូរទីតាំងផ្ទះចាស់ និងបានរៀបចំក្រុងពាលីដើម្បីសាងសង់ផ្ទះថ្មី ជូនគ្រួសារទាំង២ផងដែរ។
សូមបញ្ជាក់ថា ផ្ទះអំណោយរបស់សម្តេចក្រឡាហោម ដែលបានសាងសង់ ជូនប្រជាពលរដ្ឋ នាពេលនេះ ជាប្រភេទផ្ទះថ្ម ល្វែងផ្ទាល់ដី រៀបការ៉ូ មានទំហំ១០ម៉ែត្រx៧ម៉ែត្រ។
ជាការកត់សំគាល់ ក្រោមការដឹកនាំពី លោកស្រី បាន ស្រីមុំ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលប៉ៃលិន ជានិច្ចកាលតែងយកចិត្តទុកដាក់ និងជួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋក្រីក្រ នៅពេលមានបញ្ហាលំបាក គ្រប់ទីកន្លែងទូទាំងខេត្តប៉ៃលិន និងក្រៅពីនោះ ក៏មានការយកចិត្តទុកដាក់ ដល់ជនចាស់ជរា គ្មានទីពឹង ដោយមានការឧបត្ថម្ភប្រាក់ប្រចាំខែផងដែរ៕