Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតប្រធានតុលាការក្រុងភ្នំពេញ លោក អាំង មាលតី ត្រូវបានដោះលែងហើយ ក្រោយអនុវត្តទោសបាន១ឆ្នាំកន្លះ (Video inside)

16-02-2017 13:23

(ភ្នំពេញ)៖ លោក លឹម សុគន្ថា ព្រះរាជអាជ្ញាខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចេញដីកាបង្គាប់ឱ្យដោះលែង លោក អាំង មាលតី អតីតប្រធានតុលាការក្រុងភ្នំពេញ ឱ្យមានសេរីភាពឡើងវិញហើយ បន្ទាប់ពីទណ្ឌិតរូបនេះ អនុវត្តទោសបាន១ឆ្នំាំកន្លះ។

ដីកាបង្គាប់ឱ្យដោះលែងរបស់ លោក លឹម សុគន្ថា បានបញ្ជាក់ថា «បង្គាប់មកលោកប្រធានពន្ធគារខេត្តកណ្តាល ឱ្យដោះលែងជាបន្ទាន់ឈ្មោះ អាំង មាលតី ភេទប្រុស អាយុ៥៩ឆ្នាំ ជាតិខ្មែរ មុខរបរ ចៅក្រម មានទីលំនៅ មុនពេលឃុំខ្លួននៅផ្ទះលេខ៖៩៤៧អា ផ្លូវកាលីហ្វ័រញ៉ា សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ លេខឃុំខ្លួន /១៨៦៥/ដកបឃខ/ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ បើសិនជាឈ្មោះនេះ មិនត្រូវបានឃុំខ្លួនពីបទល្មើសផ្សេងទៀតទេ»

សូមបញ្ជាក់ថា លោក អាំង មាលតី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ ហើយត្រូវបានចៅក្រមស៊ើបសួរសំរេច ធ្វើការឃុំខ្លួនជាបណ្ដោះអាសន្នកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ពីបទកាកេងយកផលប្រយោជន៍ដោយខុសច្បាប់ប្រព្រឹត្ត នៅសាលាដំបូងរាជធានីភ្នំពេញ អំឡុងខែធ្នូ ឆ្នាំ២០១៤ តាមមាត្រា៣២ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងមាត្រា៥៩៧ មាត្រា៥៩៨ នៃក្រមព្រហ្មទណ្ឌ។

ក្រោយមកសំណុំរឿងរបស់លោក អាំង មាលតី ត្រូវបានផ្ទេរទៅកាន់សាលាដំបូងខេត្តកណ្ដាល ហើយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ចៅក្រមបានបើក ធ្វើការជំនុំជំរះ និងប្រកាសសាលក្រមនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ តែអនុវត្តនៅក្នុងពន្ធនាគារ២ឆ្នាំ ទោសនៅសល់ព្យួរ និងពិន័យជាប្រាក់៥លានរៀល។ លុះនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យធ្វើការបន្ធូរបន្ថយទោស ចំនួន៦ខែ ដោយនៅអនុវត្តទោសតែ១៦ខែប៉ុណ្ណោះ ហើយបើគិតមកដល់ថ្ងៃនេះ គឺនៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះ ទណ្ឌិត អាំង មាលតី នឹងដល់ថ្ងៃរួចទោសហើយ៕