(ភ្នំពេញ)៖ ក្រោយប្រតិបត្តិការ លើវិស័យទេសចរណ៍ ប្រកបដោយកេរ្តិ៍ឈ្មោះ ល្បីល្បាញលើសគេ នៅកម្ពុជា អស់រយៈពេល១១ឆ្នាំ មកនេះ ក្រុមហ៊ុន ផារ៉ាម៉ោន អង្គរ ទេសចរណ៍ បានសម្រេចចុះអនុស្សរណៈ (MoU) «ស្ដីពីការផ្ដល់សិទ្ធិចែកចាយ សំបុត្រយន្តហោះ» ជាមួយក្រុមហ៊ុន ជេស៊ី អ៊ិនធើណេស៊ីនណល អ៊ែរឡាញ ដែលជាក្រុមហ៊ុនធំមួយ ប្រតិបត្តិការលើវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីពង្រីកសេវាកម្មលក់សំបុត្រយន្តហោះ ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងប្រទេសកម្ពុជា។
ការចុះអនុស្សរណៈនេះ ប្រារព្ធឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រោមវត្តមាន លោកស្រី ឆាយ លក្ខិណា អគ្គនាយិកា នៃក្រុមហ៊ុន ផារ៉ាម៉ោន ជាមួយលោកស្រី ហឺ យូហុង ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន ជេស៊ី នៅទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុន ផារ៉ាម៉ោន តាមបណ្ដោយផ្លូវបាស្ទឺរ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
លោកស្រីអគ្គនាយិកា ឆាយ លក្ខិណា បានបញ្ជាក់ថា «ក្រុមហ៊ុន ផារ៉ាម៉ោន អង្គរ ទេសចរណ៍ «ជាសមាជិកសមាគមអាកាសចរណ៍ អន្តរជាតិ ហៅកាត់ថា IATA» ដូច្នេះហើយ បានជាក្រុមហ៊ុន ជេស៊ី អ៊ិនធើណេស៊ីនណល អ៊ែរឡាញ មានទំនុកចិត្តខ្ពស់ ក្នុងការ សហការជាមួយក្រុមហ៊ុន ផារ៉ាម៉ោន ដោយភាពប្រាកដនិយម ឆ្ពោះទៅរកភាពរីកចម្រើន និងជោគជ័យ ក្នុងពាណិជ្ជកម្មហោះហើរ មួយនេះ»។
លោកស្រី លក្ខិណា បានបន្តថា ក្រុមហ៊ុន ផារ៉ាម៉ោន អង្គរ ទេសចរណ៍ មានសេវាកម្មទេសចរណ៍ជាច្រើនប្រភេទ ដូចជា ទទួលធ្វើ លិខិតឆ្លងដែន ពន្យាទិដ្ឋការរស់នៅ កក់សណ្ឋាគារ កក់សំបុត្រយន្តហោះគ្រប់ប្រភេទ រៀបចំដំណើរកម្សាន្តក្នុងស្រុក និងក្រៅស្រុក សេវាដឹកជញ្ជូនទេសចរណ៍គ្រប់ប្រភេទ និងសេវាកម្មបញ្ញើឥវ៉ាន់ទៅមកគ្រប់ប្រភេទ។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន ផារ៉ាម៉ោន បានប្រតិបត្តិការលើវិស័យទេសចរណ៍នេះ មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទទួលបាន ការជឿទុកចិត្តពីអតិថិជន ក៏ដូចជាភ្ញៀវទេសចរ អស់រយៈពេលជាង១១ឆ្នាំ មកហើយ៕