(ភ្នំពេញ)៖ លោកស្រី Donica Pottie ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា បានថ្លែងថា ភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា នាពេលបច្ចុប្បន្នកំពុងធ្វើឲ្យវិនិយោគិនកាណាដាចាប់អារម្មណ៍ខ្ពស់ក្នុងការមករកស៊ីនៅកម្ពុជា។
ការបញ្ជាក់របស់លោកស្រី Donica Pottie បានធ្វើឡើងក្នុងពេលជួបសំណេះសំណាលការងារជាមួយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
បើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្រោយជំនួបថា លោកស្រី Donica Pottie បាន បង្ហាញការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា។ លោកស្រី បានបញ្ជាក់ថា ការរីកចម្រើនផ្នែក សេដ្ឋកិច្ចនេះ បានធ្វើឲ្យអ្នកវិនិយោគកាណាដាចាប់អារម្មណ៍ និងចង់មកវិនិយោគនៅកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ក្នុងពិភាក្សានោះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកស្រី Donica Pottie បានវាយតម្លៃខ្ពស់ចំពោះភាព រីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងកាណាដា។ លោកស្រី Donica Pottie បានបង្ហាញនូវក្តីសោមនស្សរីករាយ ចំពោះការបំពេញការងារនៅក្នុងប្រទេសកម្ពុជា ខណៈលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន សន្យាប្រឹងប្រែងជួយសម្របសម្រួល ជួយឲ្យបេសកកម្មការទូតរបស់លោកជំទាវ Donica Pottie នៅក្នុងប្រទេសកម្ពុជាសម្រេចបានជោគជ័យ។
ក្នុងកិច្ចសំណេះសំណាលនោះ លោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកាណាដា ដែលតែងតែបាន ឧបត្ថម្ភគាំទ្រជួយដល់កម្ពុជាក្នុងសកម្មភាពបោសសំអាតមីន សន្តិសុខ ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងការជួញដូរមនុស្ស។
លោកទេសរដ្ឋមន្រ្តី ក៏បានជម្រាបពីកិច្ចខិតខំរបស់កម្ពុជា និងអាជ្ញាធរកម្ពុជា ក្នុងការបោសសំអាតមីន។ លោកទេសរដ្ឋមន្រ្តី ក៏បានឆ្លៀតបញ្ជាក់ថា ថ្វីត្បិតមានការរីកចម្រើន និងមានសមិទ្ធផលល្អច្រើន តែការបោសសំអាតមីននៅខ្វះខាត មូលនិធិសម្រាប់បោសសំអាតមីននៅឡើយ។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកស្រី Donica Pottie ក៏បានពិភាក្សាពីបញ្ហាតំបន់ និងក្នុងពិភពលោកផងដែរ។ ក្នុងកិច្ច ពិភាក្សានោះ លោកស្រី Donica Pottie បានស្នើឲ្យកម្ពុជា គាំទ្រប្រទេសកាណាដាជាបេក្ខភាពមិនអចិន្រ្តៃយ៍ នៃអង្គការ សហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ២០១៩ និងឆ្នាំ២០២០៕