(ភ្នំពេញ)៖ ឆ្លើយតបភ្លាមៗ នឹងការដាក់ពាក្យសុំពន្យារពេលចូលទៅបំភ្លឺរបស់លោក គឹម សុខ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានច្រានចោល និងបដិសេធចំពោះការពន្យារពេលចូលបំភ្លឺនេះ។
លោក សៀង សុខ បានចារលើលិខិតសុំព្យាពេលរបស់លោក គឹម សុខ ដែលអង្គភាព Fresh News ទើបទទួលបានប៉ុន្មាននាទីនេះថា «យើង សៀង សុខ មិនអនុញ្ញាតលើការស្នើសុំនេះទេ សាមីខ្លួនត្រូវតែចូលមកកាន់អយ្យការ តាមកាលកំណត់»។
សូមបញ្ជាក់ថា លោក គឹម សុខ អ្នកវិភាគសង្គម និងនយោបាយ ដែលបានចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ខុសការពិត ហើយរងការប្តឹងពី សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ចំនួន២ករណីនោះ បានចូលទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ៩៖៣០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈនេះ ដើម្បីស្នើសុំពន្យារពេលចូលបំភ្លឺ ដែលអយ្យការបង្គាប់ឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី១៧ ខែកុម្ភៈស្អែកនេះ។
លោក គឹម សុខ បាននិយាយនៅវិទ្យុអាស៊ីសេរី ក្នុងកិច្ចសម្ភាសន៍មួយនាយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧យ៉ាងដូច្នេះថា «គេនេះគឺសំដៅទៅលើប្រព័ន្ធ.... ប្រព័ន្ធមួយក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាលបច្ចុប្បន្នហ្នឹង វាបណ្តោយឲ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់មនុស្សហើយ រួចហើយរកមុខឃាតកមិនឃើញ មិនត្រឹមតែលោកបណ្ឌិត កែម ឡី ទេ អ្នកតស៊ូមតិមុនៗ....»។
ដោយឡែក នៅព្រឹកមិញនេះ លោក មេធាវី គី តិច ក៏បានចូលទៅដាក់ពាក្យបណ្តឹងទី២ របស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់អយ្យការផងដែរ ដើម្បីប្តឹងលោក គឹម សុខ «បានចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា រដ្ឋាភិបាលបច្ចុប្បន្ន បានបង្កើតឲ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់មនុស្សហើយ រកមុខឃាតកមិនឃើញ» ដោយទាមទារសំណងចំនួន១០លានរៀល៕