(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញឲ្យមន្រ្តីក្រសួង និងដៃគូពាក់ព័ន្ធអនុវត្តផែនការជម្រុញ និងបន្តពង្រឹង១០ចំណុច សម្រាប់ឆ្នាំ២០១៧ ឲ្យបានជោគជ័យជាងឆ្នាំមុន និងឆ្នាំកន្លងទៅ។
ការប្រកាសជម្រុញរបស់រដ្ឋមន្រ្តី វង សូត បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និង ទិសដៅអនុវត្តបន្តឆ្នាំ២០១៧ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នាទីស្តីការក្រសួង។
លោក វង សូត បានបញ្ជាក់បន្ថែមថា សន្និបាតដែលបានប្រព្រឹត្តទៅរយៈពេល១ថ្ងៃកន្លះ បានដំណើរការដោយជោគជ័យ និងទទួលបានសមិទ្ធផលថ្មីៗជាច្រើន ក្នុងការអនុវត្តគោលនយោបាយកម្មវិធីជាតិពាក់ព័ន្ធវិស័យសង្គមកិច្ច សំដៅបង្កើតនូវសេវាសាធារណៈ ដើម្បីជួយជនរងគ្រោះ និងជនងាយរងគ្រោះក្នុងសង្គម និងការបង្កើតរបបសន្តិសុខសង្គម របស់មន្រ្តីរាជការស៊ីវិល អតីតយុទ្ធជន និងការជួយសង្រ្គោះសង្គមដល់ប្រជាពលរដ្ឋ។
ថ្លែងនៅក្នុងពិធីបិទសន្និបាត រដ្ឋមន្រ្តី វង សូត បានបញ្ជាក់ឲ្យដឹងពី ផែនការជម្រុញ និងបន្តពង្រឹង១០ចំណុចសម្រាប់ឆ្នាំ២០១៧ រួមមាន៖
១៖ ជម្រុញការងារផ្តល់សេវាសង្គមកិច្ច របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ សហការឲ្យបានជិតស្និទ ជាមួយអាជ្ញាធរមូលដ្ឋានឃុំ-សង្កាត់ ជាមួយគណៈកម្មការទទួលបន្ទុកស្រី និងកុមារ ដើម្បីជួយដល់ជនរងគ្រោះ និងក្រុមជនងាយរងគ្រោះ។
២៖ ពង្រឹងពង្រីកសេវាសុខុមាលភាព សម្រាប់ជនក្រីក្រងាយរងគ្រោះ ជនអនាថា ជនរងគ្រោះ ដោយជំងឺកាចសហាវ គ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។ ជំរុញផ្សព្វផ្សាយអំពីការទប់ស្កាត់ការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន។
៣៖ បន្តពង្រឹងពង្រីកសេវាសុខុមាលភាពកុមារ យកចិត្តទុកដាក់ដោះស្រាយបញ្ហា របស់កុមារកំព្រា កុមារពិការ និងកុមារក្នុងគ្រួសារក្រីក្រតាមសហគមន៍។
៤៖ បន្តជំរុញការងារយុវនីតិសម្បទា និងកម្មវិធីយុត្តិធម៌ ដោយបន្តផ្តល់សេវាការពារសិទ្ធិកុមារ តាមផ្លូវច្បាប់។ ជំរុញអនុវត្តច្បាប់ ស្តីពីយុត្តិធម៌អនីតិជន ដើម្បីការពារសិទ្ធិកុមារ ក្នុងប្រព័ន្ធយុត្តិធម៌ទប់ស្កាត់សកម្មភាព អសកម្មភាពអនីតិជន។
៥៖ បន្តពង្រឹងពង្រីកសេវាសុខុមាលភាពជនពិការ និងស្តារលទ្ធភាពពលកម្ម ដោយជំរុញការអនុវត្តច្បាប់ ស្តីពីការការពារ និងលើកកម្ពស់សិទ្ធិជនពិការ។
៦៖ បន្តពង្រឹង និងពង្រីកវិស័យសុខុមាលភាពមនុស្សចាស់ ផ្តល់សេវាគាំទ្រដល់ជនចាស់ជរា ជាពិសេសជនចាស់ជរាក្រីក្រ គ្មានទីពឹង។
៧៖ បន្តអនុវត្តរបបសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល តាមរយៈការពង្រឹងដំណើរការបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិលឲ្យកាន់តែមានប្រសិទ្ធភាព។
៨៖ បន្តពង្រឹង និងពង្រីកវិស័យអតីតយុទ្ធជន ដោយបន្តអនុវត្តគោលនយោបាយជាតិ ចំពោះអតីតយុទ្ធជន។
៩៖ បន្តពង្រឹងភាពជាដៃគូ ជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដោយឈរលើច្បាប់លិខិតបទដ្ឋានគិតយុត្តិនានា ពាក់ព័ន្ធនឹងវិស័យសង្គមកិច្ច។
១០៖ បន្តខិតខំកសាងសមត្ថភាពស្ថាប័ន ពង្រឹងស្មារតីទទួលខុសត្រូវ មនសិការវិជ្ជាជីវៈ របស់មន្រ្តីសង្គមកិច្ច គ្រប់លំដាប់ថ្នាក់។
ក្រៅពីនេះ រដ្ឋមន្រ្តី វង សូត ក៏បានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល ដែលបានជួយគាំទ្រទាំងស្មារតី សំភារៈ ចំពោះក្រសួងសង្គមកិច្ច ហើយស្នើឲ្យគ្រប់មន្ទីរខេត្ត ចាត់តាំងការផ្សពវផ្សាយពីសន្និបាតនេះ ឲ្យបានគ្រប់មន្ទីរបានជ្រាប និងចូលរួមអនុវត្តឲ្យទទួលបានលទ្ធផលល្អ នាពេលខាងមុខបន្ថែមទៀត៕