(ភ្នំពេញ)៖ អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidt បានជួបជាមួយលោក កឹម សុខា ប្រធានស្តីទីគ្រប់គ្រងអំណាចគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញ។ ជំនួបនោះ គឺបានផ្តោតលើបញ្ហានយោបាយនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការផ្សព្វផ្សាយរបស់ទំព័រ Facebook ស្ថានទូត និងទំព័រ Facebook របស់ លោក កឹម សុខា។
Facebook ស្ថានទូតអាមេរិក បានផ្សព្វផ្សាយថា «លោកឯកអគ្គរដ្ឋទូត Heidt និងលោកប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិ កឹម សុខា បានជួបគ្នា កាលពីម្សិលមិញ ដើម្បីពិភាក្សាពីការវិវឌ្ឍនយោបាយចុងក្រោយ និងសកម្មភាពនៅក្នុងរដ្ឋសភាជាតិ ដោយរួមទាំងច្បាប់ស្តីពីគណបក្សនយោបាយដែលកំពុងត្រូវបានពិចារណា»។
ជំនួបរវាង អគ្គរដ្ឋទូតអាមេរិក ជាមួយលោក កឹម សុខា បានធ្វើឡើងស្របពេលដែល សំណើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ បានចូលដល់រដ្ឋសភា ហើយស្ថាប័នអំណាចនីតិបញ្ញត្តិនេះ គ្រោងនឹងបើកកិច្ចប្រជុំវិសាមញ្ញមួយ ដើម្បីអនុម័ត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ ច្បាប់នេះ កំណត់មិនឱ្យមានប្រធាន ឬអនុប្រធាន គណបក្សនយោបាយណាជាទណ្ឌិតនោះទេ។ លោក សម រង្ស៊ី បានលាលែងពីតំណែងប្រធានគណបក្សសង្រ្គោះជាតិ នៅមុនច្បាប់នេះ ត្រូវបានអនុម័ត៕