(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ បានបង្ហើបឲ្យដឹងថា លោកគ្រោងនឹងរៀបចំ ធ្វើអាហារដ្ឋាន ក្នុងបរិវេណសាលាខេត្ត (កង់ទីន) ឲ្យបានស្អាតល្អ ទៅតាមរចនាបថខ្មែរ ដើម្បីលើកទឹកចិត្តដល់មន្ត្រីសាលាខេត្ត និងបុគ្គលិកសុខាភិបាល ជាមួយនឹងការបញ្ចុះតម្លៃពិសេស ជូនមន្ត្រីក្រោមឱវាទរបស់លោក។
ការបង្ហើបឲ្យដឹងរបស់ លោក ម៉ៅ ធនិន ធ្វើឡើងក្នុងឱកាសលោក ដឹកនាំគណៈអភិបាលខេត្ត ចុះពិនិត្យ និងផ្តល់អនុសាសន៍ល្អៗ មួយចំនួន ជុំវិញការស្ថាបនាសួនច្បារ ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងសាលាខេត្ត និងអាគាររដ្ឋបាលសាលាខេត្តថ្មី។
ទន្ទឹមនឹងអាគាររដ្ឋបាលសាលាខេត្តថ្មី បាននឹងកំពុងស្ថាបនាជិតរួចរាល់ហើយនោះ លោក ម៉ៅ ធនិន ក៏មានគម្រោងនឹងរៀបចំ ធ្វើអាហារដ្ឋាន ក្នុងបរិវេណសាលាខេត្ត ឲ្យបានស្អាតល្អ ទៅតាមរចនាបទខ្មែរ ដើម្បីលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ ក្នុងសាលាខេត្ត ជាពិសេសលើកទឹកចិត្តដល់បុគ្គលិក ដែលបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ជាមួយនឹងការបញ្ចុះតម្លៃពិសេស ផងដែរ។
លោកអភិបាលខេត្ត បានឲ្យដឹងថា លោកនឹងបើកឱកាសឲ្យគ្រប់វិយោគ ដែលមានបំណងចង់វិនិយោគលើអាហារដ្ឋាននេះ ពី២០ទៅ២៥ឆ្នាំ ដោយយកតែពន្ធដី រុញចូលគណនេយ្យរដ្ឋប៉ុណ្ណោះ។ បន្ថែមពីនោះទៀត លោកនឹងរៀបចំសួនអាពាហ៍ពិពាហ៍ ក្នុងបរិវេណសាលាខេត្ត ដោយមានផ្កាចម្រុះ និងដើមឈើកម្រ ដែលអាចឲ្យបងប្អូនអាចចូលមកថតរូបភាព ទុក្ខអនុស្សាវរីយ៍ ក្នុងពិធីផ្សេងៗបាន។
ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានបន្តទទួលដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាក្តីកង្វល់របស់បងប្អូន ប្រជាពលរដ្ឋ ព្រមទាំងបានផ្តល់ស្បៀង ជូនដល់ជនចាស់ជរា និងប្រជាពលរដ្ឋក្រីក្រដាច់ពេលពិតប្រាកដ និងបានផ្តល់រទះរុញ ជូនដល់កុមារពិការឳពុកម្តាយស្លាប់ចោល នៅបរិវេណសាលាខេត្តពោធិ៍សាត់ ដើម្បីដោះស្រាយជាបឋម និងទាន់ពេលវេលា ក្នុងនាមយើងទាំងអស់គ្នាជាក្រុមគ្រួសារតែមួយ៕