(កំពង់ចាម)៖ អំណោយរបស់លោក ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ត្រូវបានយកទៅប្រគល់ជូនប្រជាពលរដ្ឋក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
អំណោយទាំងនេះត្រូវបានលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំអូរស្វាយ ស្រុកកំពង់សៀម នាំយកទៅជូនដល់ដៃប្រជាពលរដ្ឋក្នុងនោះរួមមាន៖ គ្រួសារទើបសម្រាលកូនចំនួន ១៩គ្រួសារ ក្នុង១គ្រួសារទទួលបានសារុង០១ និងថវិកា១០០,០០០រៀល។ ចាស់ជរាជួបការលំបាកចំនួន១០គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ និងថវិកា ៥០,០០០រៀល។ គ្រួសារដែលមានសមាជិកទើបទទួលមរណភាព ចំនួន០២គ្រួសារ ក្នុង១គ្រួសារទទួលបានថវិកា២០០,០០០រៀល។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ សោ សាវឿន បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងរំលែកទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក ហ៊ុន ណេង និងលោកអភិបាលខេត្តកំពង់ចាម លន់ លឹមថៃ ជូនដល់ប្រជាពលរដ្ឋទាំង៣១គ្រួសារផងដែរ ដោយថ្នាក់ដឹកនាំទាំងអស់មានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះរស់នៅប្រចាំថ្ងៃ និងទុក្ខលំបាកផ្សេងៗ។
ជាមួយគ្នានេះ លោក សោ សាវឿន ក៏បានជួបប្រជុំជាមួយលោកមេឃុំ និងមេភូមិទាំង០៧ ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាប្រឈមមួយចំនួនក្នុងមូលដ្ឋាន ព្រមទាំងជំរុញឲ្យថ្នាក់ដឹកនាំមូលដ្ឋានទាំងអស់ ត្រូវបង្កើនសកម្មភាពចុះជួបប្រជាពលរដ្ឋ ឲ្យបានខ្លាំងឡើង ដើម្បីដឹងពីសុខទុក្ខរបស់ពួកគាត់៕