(ភ្នំពេញ)៖ លោក គឹម មាសសុខសីហា អគ្គនាយករងកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចុះទៅផ្សព្វផ្សាយ នីតិវិធីទំនិញ និងការប្រកបអាជីវកម្ម លក់លោហៈធាតុ ត្បូង ថ្ម គ្រឿងអលង្ការ គ្រឿងកាឡៃ វត្ថុអនុស្សាវរីយ៍ នៅផ្សារធំថ្មី ខណ្ឌដូនពេញ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
យុទ្ធនាការចុះត្រួតពិនិត្យនេះ គឺដើម្បីឆ្លងតបឲ្យទាន់ពេលវេលាទៅនឹង តម្រូវការរបស់ប្រជាពលរដ្ឋ ធុរជន និងអ្នកប្រើប្រាស់ ជាពិសេស ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ របស់ម្ចាស់អាជីវកម្ម និងការពារផលប្រយោជន៍ ដល់អតិថិជនជាតិ និងអន្តរជាតិ ហើយក៏ដើម្បីទប់ស្កាត់ការលក់ លោហៈធាតុ ត្បូង ថ្ម គ្រឿងអលង្ការ គ្រឿងកាឡៃ វត្ថុអនុស្សាវរីយ៍ក្លែងបន្លំ នៅកម្ពុជាផងដែរ។
លោកបានថ្លែងថា ក្រសួងពាណិជ្ជកម្ម បានធ្វើការណែនាំ ចំពោះអាជីវករ ឬពាណិជ្ជករទាំងអស់ ត្រូវប្រកាន់ភាពស្មោះត្រង់ក្នុងការ ធ្វើសកម្មភាពអាជីវកម្ម លក់ដូរ ចែកចាយ និងផ្សព្វផ្សាយពាណិជ្ជកម្ម លោហៈធាតុ ត្បូង ថ្ម គ្រឿងអលង្ការ គ្រឿងកាឡៃ វត្ថុអនុស្សាវរីយ៍ ត្រូវផ្តល់ព័ត៌មានពិតប្រាកដ ច្បាស់លាស់ជូនអ្នកប្រើប្រាស់ និងចេញវិក័យបត្រឲ្យបានច្បាស់លាស់ផងដែរ។
ចំពោះអ្នកប្រើប្រាស់វិញ ត្រូវមានភាពស្មោះត្រង់ចំពោះការទិញទំនិញ ហើយមុននឹងទិញ លោហៈធាតុ ត្បូង ថ្ម គ្រឿងអលង្ការ គ្រឿងកាឡៃ វត្ថុអនុស្សាវរីយ៍ ត្រូវត្រួតពិនិត្យឲ្យបានច្បាស់លាស់ និងស្នើសុំវិក័យបត្រទិញ-លក់ពីអាជីវករ។
បន្ថែមពីលើនេះ រាល់អាជីករ ពាណិជ្ជករ ដែលប្រកបអាជីវកម្ម លោហៈធាតុ ត្បូង ថ្ម គ្រឿងអលង្ការ គ្រឿងកាឡៃ វត្ថុអនុស្សាវរីយ៍ ត្រូវបិទស្នាកថ្លៃលើគ្រឿងអលង្ការ ត្បូងថ្ម មានតម្លៃ និងវត្ថុអនុស្សាវរីយ៍ជាដើម៕