(ភ្នំពេញ)៖ ក្រុមហ៊ុនខ្មែរ ប៊េវើរីជីស លីមីតធីត ដែលផលិតស្រាបៀរកម្ពុជា បញ្ជូនរថយន្តសម្អាតផ្លូវ ធុនធ្ងន់ចំនួនពីរគ្រឿង ទៅក្រុងកំពង់ចាម នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីជួយសម្អាតផ្លូវសំខាន់ៗក្នុងក្រុង។
លោក លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លីមីតធីត ដែលផលិតស្រាបៀរកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនកំពុងពិភាក្សាជាមួយអាជ្ញាធរខេត្ត មន្ទីរបរិស្ថានខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តកំពង់ចាម ដើម្បីរៀបចំគម្រោងលម្អិតសម្អាតផ្លូវ និងដើម្បីឲ្យអាជ្ញាធរខេត្ត ជួយសម្របសម្រួល ពេលសម្អាតផ្លូវក្នុងក្រុង។
លោក លាង ពៅ (ភីធើរ) បានបន្តទៀតថា ក្រុមហ៊ុននឹងបញ្ជូនរថយន្តទាំងពីរនេះ ទៅសម្អាតផ្លូវក្នុងក្រុងកំពង់ចាម ចំនួន១៩ថ្ងៃ រួចនឹងបន្តដំណើរទៅសម្អាតផ្លូវក្នុងខេត្តផ្សេងៗទៀត នៅប្រទេសកម្ពុជាពេញមួយឆ្នាំ។ «គោលដៅរបស់យើង គឺសម្អាតផ្លូវឲ្យបានគ្រប់ខេត្តក្រុង ដើម្បីបរិស្ថានស្អាត សុខភាពល្អទាំងអស់គ្នា»។ លោកថ្លែងបន្ថែម។
រថយន្តសម្អាតផ្លូវ របស់ស្រាបៀរកម្ពុជា មានសមត្ថភាពបោសលាងសម្អាតផ្លូវ និងបូមធូលីសើមពីផ្លូវបានយ៉ាងស្អាត។ រថយន្តនេះបានចេញសម្អាតផ្លូវម្តងហើយ នៅខេត្តព្រះសីហនុ ក្នុងអំឡុងពេលបុណ្យសមុទ្រ កាលពីចុងឆ្នាំ២០១៦។
គួរបញ្ជាក់ផងដែរថា យុទ្ធនាការសម្អាតផ្លូវរបស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លីមីតធីត គឺជាការចូលរួមចំណែកថ្មីមួយទៀត របស់ក្រុមហ៊ុន ក្នុងការជួយអភិវឌ្ឍសង្គម ពិសេសផ្នែកបរិស្ថាន។ កន្លងមកក្រុមហ៊ុន ក៏ធ្លាប់ទទួលបានលិខិតសរសើរ ពីប្រសួងបរិស្ថាន និងវិញ្ញាបនបត្រ ISO ផ្នែកប្រព័ន្ធគ្រប់គ្រងបរិស្ថាន ពីចក្រភពអង់គ្លេសផងដែរ៕