(ព្រះវិហារ)៖ លោក ហែម ថុន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកជាំក្សាន្ត នៅរសៀលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៧ បានចុះសួរសុខ ទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនស្រ្តីម៉េម៉ាយ ឈ្មោះ ម៉ង វន អាយុ ៥០ ឆ្នាំ រងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីយប់ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០១៧ ចំនួន ១ គ្រួសារ ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នាឱកាសនោះដែរ លោកប្រធានគណៈកម្មា ធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជាំក្សាន្ត បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះដោយអគ្គីភ័យ និងបានសម្តែងនូវការសោកស្តាយដល់គ្រួសាររងគ្រោះ ដែលមិននឹកស្មានដល់ធ្វើ ឲ្យបាត់បង់ផ្ទះ និងសម្ភារប្រើប្រាស់ផ្សេងៗជាច្រើន ហើយលោកក៏បានផ្តាំផ្ញើដល់ប្រជា ពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ។
សម្ភារផ្តល់ជូនរួមមាន ៖ អង្ករ ២០គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស ទឹកស៊ីអុីវ ១ យួរ ទឹកបរិសុទ្ធ ៣ កេស ខោអាវ ២ កញ្ចប់ ក្រមា១ សារុង១ មុង១ ភួយ១ កៅស៊ូតង់១ និងថវិកាចំនួន៤០,០០០រៀល៕