(ភ្នំពេញ)៖ រដ្ឋសភា បានចេញសេចក្តីប្រកាសជាផ្លូវការមួយថា នឹងបើកកិច្ចប្រជុំរដ្ឋសភាវិសាមញ្ញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ សប្តាហ៍ក្រោយនេះ ដើម្បីអនុម័តលើសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកមិញ។
កិច្ចប្រជុំសភាវិសាមញ្ញ ខាងលើនេះ នឹងធ្វើឡើងក្រោមអធិបតភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
សូមបញ្ជាក់ថា សំណើសុំធ្វើវិសោធនកម្មលើច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានរៀបចំដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាចំនួន៦០រូប ហើយបានចូលមកដល់រដ្ឋសភា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។ ការរៀបចំសំណើសុំធ្វើវិសោធនកម្មច្បាប់នេះ បានធ្វើបន្ទាប់ពីមានការលើកឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំសភាវិសាមញ្ញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យកំណត់លក្ខខណ្ឌតឹងរឹងជាងមុន សម្រាប់ច្បាប់ស្តីពីគណបក្សនយោបាយក្នុង នោះច្បាប់ថ្មីនេះនឹងមិនអនុញ្ញាតឲ្យអ្នកមានទោស ឬជាទណ្ឌិត ធ្វើជាប្រធាន ឬ អនុប្រធានបក្សនយោបាយឡើយ ហើយបើទោសធ្ងន់ធ្ងរទៀតនោះ អាចឈានដល់ការរំលាយបក្ស និងហាមឃាត់ថ្នាក់ដឹកនាំបក្សមិនឲ្យ ធ្វើសកម្មភាពនយោបាយថែមទៀត៕
ខាងក្រោមនេះជាសេចក្តីប្រកាសផ្លូវការរបស់រដ្ឋសភា៖