(តូក្យូ)៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោក តូច ចាន់កុសល រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន របស់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយ លោក Naoki Fujii ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកំពុងបន្ត និងនាពេលអនាគតរវាងក្រសួងទាំងពីរ និងស្ថានភាព នៃការអនុវត្តគម្រោងនានា និងការគាំទ្រផ្នែកបច្ចេកទេស របស់អង្គការ JICA នៅកម្ពុជា។
លោក តូច ចាន់កុសល បានថ្លែងអំណរគុណ និងការកោតសរសើរដល់អង្គការ JICA និង ក្រសួង MLIT ដែលបានអញ្ជើញគណៈប្រតិភូកម្ពុជា មកសិក្សាស្វែងយល់ នៅប្រទេសជប៉ុន ក៏ដូចជាបានផ្តល់ការគាំទ្របន្ត ដើម្បីជួយពង្រឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនកម្ពុជា រួមទាំងការធ្វើឱ្យប្រសើរឡើង ដល់ប្រព័ន្ធចុះបញ្ជីយានយន្ត គ្រប់គ្រងការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ និងបញ្ហាសុវត្ថិភាពចរាចរណ៍ តាមដងផ្លូវនៅកម្ពុជាផងដែរ។
ក្រសួងបានស្នើសុំការគាំទ្រ និងជំនួយបច្ចេកទេសជាបន្តពី ក្រសួង MLIT តាមរយៈគម្រោងនានា របស់អង្គការ JICA ក្នុងការបង្កើនសុវត្ថិភាព លើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ទាក់ទងនឹងការចុះបញ្ជីយានយន្ត ដើម្បីអភិវឌ្ឍបទដ្ឋានបច្ចេកទេស សម្រាប់ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងបទប្បញ្ញត្តិបច្ចេកទេស សម្រាប់ការក្រិតខ្នាតឧបករណ៍ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ រួមទាំងស្តង់ដារគុណភាព ត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានជំនិះ និងការកសាងសមត្ថភាពមន្ត្រី និងការបណ្តុះបណ្តាលយន្តការីផងដែរ។
លោក Naoki Fujii បានធ្វើការកត់សម្គាល់ លើសំណើនានា ដែលបានលើកឡើង និងបានសន្យាថានឹងបន្តគាំទ្រដល់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈគម្រោងនានារបស់អង្គការ JICA ដើម្បីធ្វើឱ្យប្រសើរឡើង ដល់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការអនុវត្ត និងនីតិវិធីចុះបញ្ជីយានយន្ត និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនេះនៅកម្ពុជា។
ជាមួយគ្នានេះ លោកក៏បានយល់ព្រមផ្តល់ឱកាសបន្ថែមទៀត ដល់អ្នកបច្ចេកទេសយានយន្ត មកពីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល ពាក់ព័ន្ធនៅក្នុងប្រទេសជប៉ុន ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនផងដែរ។
នៅក្នុងឱកាស នៃដំណើរទស្សនកិច្ចជាផ្លូវការនេះ លោក តូច ចាន់កុសល ក្នុងនាមលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានចុះហត្ថលេខាលើអនុស្សារណៈ នៃកិច្ចសហប្រតិបត្តិការរវាង ក្រសួង MLIT នៃប្រទេសជប៉ុន និងក្រសួងសាធារណការ និងដឹកជញ្ជូន កម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងដល់ការ អភិវឌ្ឍប្រព័ន្ធលូចម្រោះទឹកកខ្វក់នៅកម្ពុជា។
លោក Shinsuke Suematsu អនុរដ្ឋមន្ត្រីក្រសួង MLIT បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការផ្តល់ការគាំទ្រ និងជំរុញការអភិវឌ្ឍប្រព័ន្ធលូបង្ហូរ ចម្រោះទឹកកខ្វក់នៅកម្ពុជា ឱ្យមានការរីកចម្រើនថែមទៀត។ លើសពីនេះទៅទៀត លោកអនុរដ្ឋមន្ត្រីជប៉ុន សន្យាថានឹងពិចារណាលើសំណើរពី ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ពាក់ព័ន្ធនឹង គម្រោងធ្វើឲ្យប្រសើរនូវការគ្រប់គ្រង ការចុះបញ្ជី និងត្រួតពិនិត្យយានជំនិះគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត គម្រោងប្រព័ន្ធសម្រួលដល់ ការកត់ត្រាព័ត៌មាននាវាចេញចូល និងការធ្វើឲ្យប្រសើរឡើងដល់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គម្រោងភស្តុភាកម្ម គម្រោងផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញ គម្រោង AGT និងការកសាងសមត្ថភាពមន្ត្រី ក្នុងវិស័យដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ៕