(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសចំពោះរាល់ព័ត៌មានដែលថា លោកមានទំនាក់ទំនងជាមួយនឹងរុស្ស៊ី ហើយបានចាត់ទុកថាព័ត៌មានទាំងនោះ គ្មានហេតុផលអ្វីទាំងអស់ និងគ្រាន់តែជាការប៉ុនប៉ងបិទបាំងបរាជ័យ នៃអតីតគូរប្រជែងរបស់លោក គឺលោកស្រី ហ៊ីលឡារី គ្លីនតុន នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។
ប្រតិកម្មរបស់លោកត្រាំនៅពេលនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកាសែត New York Times ដែលថាសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកមានទំនាក់ទំនង ជាមួយទីភ្នាក់ងារចារកិច្ចរុស្ស៊ី និងបន្ទាប់ពីលោក Michael Flynn លាលែងពីតំណែងជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក។ លោក ត្រាំ បានសរសេរនៅលើ Twitter ដូច្នេះថា៖ «ព័ត៌មាននិយាយពីទំនាក់ទំនងជាមួយនឹងរុស្ស៊ី គឺគ្មានហេតុផលអ្វីទាំងអស់ និងគ្រាន់តែ ជាការប៉ុនប៉ងបិទបាំងកំហុសក៏ដូចជា បរាជ័យរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតតែប៉ុណ្ណោះ»។ ដោយឡែកជុំវិញបញ្ហានេះដែរ ទីក្រុងមូស្គូ ក៏បានចាត់ទុកដែរថា ការចុះផ្សាយរបស់ New York Times គឺជាល្បែងនយោបាយមួយរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានចោទប្រកាន់ថា សហគមន៍ទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក ក្នុងនោះរួមមានទំាង FBI និងNSA បាន ផ្ដល់ព័ត៌មានខុសច្បាប់ ដល់បណ្ដាប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក៕