(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់ របួសធ្ងន់១០នាក់ និងរបួសស្រាល៩នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១១គ្រឿង រថយន្ដធុនតូចចំនួន៦គ្រឿង ថយន្តធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, ប្រជែង៤លើក, មិនប្រកាន់ស្តាំ១លើក, និងបត់គ្រោះថ្នាក់១លើក។
សូមបញ្ជាក់ថា រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន១៣៦លើក បណ្ដាលឲ្យមនុស្សស្លាប់៧២នាក់ របួសធ្ងន់ចំនួន១២៧នាក់ និងរងរបួសស្រាលចំនួន៦៥នាក់៕