(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី មែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានស្នើដល់គ្រប់អង្គភាពបង្កើនការត្រួតពិនិត្យលើការបែងចែកភារកិច្ច និងត្រូវទទួលខុសត្រូវឲ្យបានសមស្រប ប្រើប្រាស់ធនធានមនុស្សឲ្យបានត្រឹមត្រូវ និងត្រូវខិតខំបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។
លោកស្រីឧបនាយករដ្ឋមន្រ្តីលើកឡើងនេះ ក្នុងពីធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់ក្រសួងអធិការកិច្ច។
លោកស្រីឧបនាយករដ្ឋមន្រ្តី មែន សំអន បានឲ្យដឹងថា ដំណើរប្រព្រឹត្តទៅនៃសន្និបាតពេញមួយថ្ងៃនេះ បានបញ្ចប់ទៅដោយរលូន ហើយលទ្ធផលនេះ កើតចេញពីការចូលរួមចំណែករបស់ លោក លោកស្រី មន្ត្រីរាជការ ទាំងថ្នាក់ជាតិ និងរាជធានី-ខេត្ត ដែលបានខិតខំ ប្រឹងប្រែងបំពេញការងារ រួមគ្នាយ៉ាងសស្រះសស្រាំ រៀបចំ និងចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ ដោយប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ការងារជាក់ស្តែង ក្នុងគោលបំណងស្វែងរកឲ្យឃើញបញ្ហាប្រឈម ហើយបានដាក់ចេញជាផែនការសកម្មភាព សម្រាប់អនុវត្តនៅឆ្នាំ២០១៧នេះ។
លោកស្រីក៏បានសំណូមពរដល់ គ្រប់អង្គភាពឲ្យបង្កើនការត្រួតពិនិត្យលើការបែងចែកភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីឲ្យបានសមស្រប ការប្រើប្រាស់ធនធានមនុស្សឲ្យបានត្រឹមត្រូវ និងត្រូវខិតខំបន្តអនុវត្តនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕