(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ក្រសួងការងារនឹងបើកឲ្យអនុវត្តឡើងវិញ នូវបទប្បញ្ញត្តិមួយចំនួនក្នុងច្បាប់ស្ដីពីការងារ ដែលតម្រូវឲ្យនិយោជក បើកប្រាក់ឈ្នួលឲ្យកម្មករនិយោជិត រៀងរាល់២អាទិត្យម្ដង ដើម្បីកាត់បន្ថយហានិភ័យការងារផ្សេងៗ ដែលជះផលអាក្រក់ដល់កម្មករនិយោជិត។
ទិសដៅការងារយ៉ាងហ្មត់ចត់នេះ ត្រូវបានលោករដ្ឋមន្រ្តី លើកឡើងក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ នាទីស្ដីការក្រសួងការងារ។
លោករដ្ឋមន្រ្តី អ៉ិត សំហេង បានឲ្យដឹងថា «ក្រសួងការងារ នឹងពង្រឹងការអនុវត្តច្បាប់ការងារ លើមាត្រាស្ដីពីការបើកប្រាក់ឈ្នួល បើកកន្លះខែម្ដង ឬ២អាទិត្យម្ដង រឿងនេះត្រូវតែធ្វើឲ្យបាន កន្លះខែបើកម្ដង បើរត់ចោលក៏ខាតតិចដែរ»។
លោករដ្ឋមន្រ្តីបានបន្តថា ការតម្រូវឲ្យនិយោជកបើកប្រាក់ឈ្នួលជូនកម្មករនិយោជិត រាល់កន្លះខែម្ដងនេះ ក្នុងច្បាប់ស្ដីពីការងារបានកំណត់ហើយ «បានន័យថា កម្មករឆាប់ទទួលបាន ហើយនិយោជកក៏មិនសូវជំពាក់ច្រើនដែរ បើមានហានិភ័យផ្សេងទៀតក៏មានតិចដែរ កន្លងមក ក៏បានគិតគូពិភាក្សាគ្នាម្ដងហើយ តែការអនុវត្តហាក់ដូចជាមិនទាន់បាន»។
សូមជម្រាបថា នៅឆ្នាំ២០១៦ មានរោងចក្រកាត់ដេរ និងផលិតស្បែកជើង នៅទូទាំងប្រទេសកម្ពុជា បិទទ្វារចំនួន ១៤១កន្លែង ប៉ុន្តែក៏មានរោងចក្របើកថ្មីចំនួន ១៤៩កន្លែង។
ទោះយ៉ាងណា លោករដ្ឋមន្រ្តី អ៉ិត សំហេង បានបង្ហើបថា ចាប់ពីពេលនេះទៅ ក្រសួងនឹងជជែកពិភាក្សាគ្នាឡើងវិញជាមួយត្រីភាគី ដើម្បីយកមាត្រាច្បាប់នេះមកអនុវត្តន៍ឡើងវិញ ដើម្បីកាត់បន្ថយហានិភ័យការងារ ដែលជះឥទ្ធិពលមិនល្អដល់កម្មករនិយោជិត នៅពេលមានករណីរោងចក្របិទទ្វារ៕