(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី១៥ ខែកុម្ភៈនេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំក្រុមការងាររៀបចំព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ Soccer League លើកទី៤ ឆ្នាំ២០១៦ នាំយកមូលនិធិសប្បុរសធម៌ Soccer League ចំនួន ២២,៧៨៧ដុល្លារអាមេរិក ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ឋា ។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ថវិកាសប្បុរសធម៌ទាំងអស់ គឺបានមកពីការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុម All Stars ដោយមានការចូលរួមចម្រុះ ពីក្រុមកីឡាករជម្រើសជាតិដូចជា ចាន់ វឌ្ឍនាកា និងប្រាក់ មុន្នីឧត្តមជាដើម រួមទាំងតារាកំប្លែង និងតារាចម្រៀងល្បីៗជាច្រើន នៅក្នុងពិធីបិទការប្រកួតពានរង្វាន់ Soccer League លើកទី៤ កាលពីចុងខែមករាកន្លងទៅថ្មីៗនេះ ។
លោកបន្ដថា តាមរយៈការប្រកួតមិត្តភាពសប្បុរសធម៌នេះ បងប្អូនអ្នកគាំទ្របានទិញសំបុត្រចូលទស្សនា និងមានការចូលរួមពីសប្បុរសជននានា ទើបបង្កើតបានជាមូលនិធិសប្បុរសធម៌ខាងលើឡើង។ ក្នុងនាមជាស្ថាបនិកបង្កើនពានរង្វាន់ Soccer League លោកពិតជាសប្បាយរីករាយក្រៃលែង ដែលបងប្អូនជាពលរដ្ឋខ្មែរចេះរួបរួមគ្នា ជួយដល់ការងារសង្គម ពិសេសគឺមន្ទីរពេទ្យគន្ធបុប្ឋា ដែលកំពុងត្រូវការជំនួយតែម្ដង ។
ជាងនេះទៅទៀត លោកក៏បានគាំទ្រ និងជំរុញឲ្យមានសកម្មភាពសប្បុរសធម៌បែបនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនផងដែរ៕