(កោះកុង)៖ លោកទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១អាជ្ញាធរមីន នៅរសៀលថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០១៧ បានចុះមកសួរសុខទុក្ខនារីម្នាក់ ដែលរងគ្រោះដោយសារគ្រាប់មីន ព្រមទាំងនាំអំណោយមួយចំនួនជូនរូបនាងនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។
នារីរងគ្រោះដោយសារមីនកាលពីថ្ងៃទី១០ ខែកុម្ភៈ នោះមានឈ្មោះ ផុន ស្រីទូច អាយុ ៣៣ឆ្នាំ រស់នៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ាខេត្តកោះកុង។
ក្នុងកិច្ចសំណេះសំណាលនោះ លោកទេសរដ្ឋមន្ត្រី បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។ លោកទេសរដ្ឋមន្រ្តី ក៏បានណែនាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះថ្នាក់មីននៅតំបន់ខ្សែក្រវ៉ាត់ក៥ ដែលជាតំបន់មិនទាន់បានបោសសម្អាតមីននៅឡើយ។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី សេរី កុសល បានប្រគល់ជូនគ្រឿងឧបភោគ បរិភោគ ដល់គ្រួសារស្រ្តីរងគ្រោះ មានដូចជា៖ អង្ករ១ ការ៉ុង ទម្ងន់ ៥០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកផ្លែឈើ ១កេស ទឹកក្រូច ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ១កេស និងថវិកាចំនួន ៣០០,០០០ រៀល និងបានចែកជូនអ្នកជំងឺកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ១៥នាក់ ក្នុងម្នាក់ៗទទួលបាន ២០,០០០ រៀល សរុប ៣០០,០០០រៀល និងជូនថវិកាដល់បុគ្គលិកពេទ្យចំនួន ១០នាក់ ក្នុងម្នាក់ៗទទួលបាន ២០,០០០រៀល សរុប២០០,០០០រៀល៕