(ស្ទឹងត្រែង)៖ ឧត្តមសេនីយ៍ឯក ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានដឹកនាំគណៈប្រតិភូសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល និងនាយកនគរបាលរង «វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល» ២០០នាក់ នៅខេត្តស្ទឹងត្រែង នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ នៅក្នុងចំណោមសិស្សនាយនគរបាល និងនាយកនគរបាលរង មាននារី ៦១នាក់ មកពីខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគីរី និងខេត្តមណ្ឌលគីរី។
លោកឧត្តមសេនីយ៍ឯក មនោសែន បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីពិនិត្យលើដំណើ ការបណ្តុះបណ្តាលប្រៀបធៀបជាមួយកម្មវិធីបណ្តុះបណ្តាល និងផែនការគ្រប់គ្រងវគ្គ ស្វែងយល់ពីសុខទុក្ខទទួលសំណូមពរ និងលើកទឹកចិត្តឲ្យប្អូនៗប្រឹងប្រែងរៀន សូត្រ ក្នុងន័យជំរុញឲ្យមានការបណ្តុះបណ្តាលទទួលបានលទ្ធផលល្អ ទទួលបានមន្រ្តីនគរបាលជាតិ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់យល់ដឹង ពីវិជ្ជាជីវៈនគរបាលកម្រិតបឋមមានចំណេះដឹង មានការប្រតិបត្តិច្បាប់ គោរពវិន័យ និងក្រមសីលធម៌ និងគោរពសិទ្ធមនុស្សមុននឹងត្រូវបានតែងតាំង ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា។
គួរបញ្ជាក់ថា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ឧត្តមសេនីយ៍ឯក ឯក មនោសែន និងក្រុមការងារ បានបើកវគ្គបណ្តុះបណ្តាល កម្រិតបឋម វិជ្ជាជីវៈនគរបាល ដល់នគរបាលចំនួន ៣៨១នាក់ មកពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កោះកុង ព្រះសីហនុ កែប តាកែវ និងខេត្តកំពត៕