(ភ្នំពេញ)៖ កម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតប្រជែងពានរង្វាន់ ICT (Information and Communication Technology) អាស៊ាន លើកទី៣ ឆ្នាំ២០១៧ ដែលនឹងរៀបចំឡើង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។
កម្មវិធីនេះត្រូវបានរៀបចំឡើង ដោយវិទ្យាស្ថាន NIPTICT ដែលជាកម្មវិធីប្រកួតប្រជែង ដ៏ធំមួយដើម្បីបង្ហាញនូវ សមិទ្ធិផលជោគជ័យនានា លើកការធ្វើនវានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងប្រទេសកម្ពុជា។
កម្មវិធីប្រកួតប្រជែងនេះ នឹងអនុញ្ញាតឲ្យបេក្ខជនមកពីបណ្ដាក្រុមហ៊ុន ឯកជននានា រួមមានក្រុមហ៊ុនប្រភេទ Start-up សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល ឬស្ថាប័នរដ្ឋពាក់ព័ន្ធផ្សេងៗ។ ការចាប់ផ្ដើមចុះឈ្មោះចូលរួមប្រកួតប្រជែងពានរង្វាន ICTនេះ ចាប់ផ្ដើមពីថ្ងៃនេះរហូតដល់ថ្ងៃ១៥ ខែឧសភា ឆ្នាំ២០១៧។
លោក សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា ក្នុងការប្រកួតប្រជែងពានរង្វាន់ ICT នេះ បេក្ខជនអាចដាក់ពាក្យប្រកួតប្រជែងក្នុងវិស័យចំនួន៦រួមមាន ការបង្កើតអាជីវកម្ម, មាតិកាឌីជីថល, វិស័យឯកជន, ការទទួលខុសត្រូវក្នុងសង្គម, វិស័យសាធារណៈ, និងការស្រាវជ្រាវអភិវឌ្ឍ។
លោកថា «បេក្ខជនត្រូវធ្វើបទបង្ហាញអំពីគម្រោងរបស់ពួកគេទៅកាន់ចៅក្រមដែលមានសមាសភាពពី ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ សង្គមស៊ីវិល និងតំណាងឧស្សាហកម្មក្នុងវិស័យICT។ គម្រោងប្រកួតប្រជែង នឹងត្រូវបានវាយតម្លៃ ដោយផ្អែកលើ ភាពច្នៃប្រឌិត អត្តប្រយោជន៍ដល់សង្គម គុណភាព និងភាពទុកចិត្តបាននៃផលិតផល និងកម្រិតប្រើប្រាស់ បច្ចេកវិទ្យា ក្នុងគម្រោង មានតែជ័យលាភីចំនួន៣រូបប៉ុណ្ណោះដែលនឹងត្រូវជ្រើសរើសសម្រាប់ពានរង្វានចុងក្រោយ»។
ការប្រកួតប្រជែងពានរង្វាន់នេះ ត្រូវបានរៀបចំឡើងដោយមានការសហការពីដៃគូជាច្រើន ក្នុងវិស័យ ICT រួមមានក្រុមហ៊ុន Smart Axiata ដែលជាដៃគូឧបត្ថមធំក្នុងកម្មវិធីនេះ។ គោងបំណងនៃការរៀបចំកម្មវិធីនេះធ្វើឡើងដើម្បីជរុញលើកទឹកចិត្ត និងលើកកម្ពស់ផលិផល ឬគម្រោង ដ៏ឆ្នើមនៅកម្ពុជា។
លោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឲ្យដឹងថា «សម្រាប់ការរៀបចំ កម្មវិធីនេះ យើងបានពិចារណាគិតតាំងពីខែ៦ឆ្នាំមុន ក្នុងការបង្កើតអ្វីមួយដើម្បីកំណត់នូវ អត្តសញ្ញាណរបស់កម្ពុជា រួមជាមួយនឹងប្រព័ន្ធអ៊ិនធឺណេត តិចណូឡូជី និងវប្បធម៌។ ជាមួយគ្នានោះយើងក៏បានស្នើសូមទៅដល់ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដើម្បីរៀបចំកម្មវិធីនេះក្នុងខេត្តសៀមរាប ដើម្បីអនុញ្ញាតឲ្យគណៈប្រតិភូអាស៊ាន បានចូលរួមប្រជុំ ក៏ដូចជាបានទស្សនានៅប្រាសាទអង្គវត្តដែលល្បីល្បាញក្នុងប្រទេសកម្ពុជា និងបានដើរទេសចរណ៍ ក្នុងប្រទេសកម្ពុជា ផងដែរ»។
លោកថា នេះគឺជាការចូលរួមចំណែកលើកតំកើនអរិយធម៌ វប្បធម៌កម្ពុជា ក៏ដូចជាបង្កើនកំណើន ទេសចរណ៍បរទេសឲ្យ មកកម្ពុជាច្រើនឡើងៗ ជាពិសេសគឺអាចបញ្ជ្រាបពីវប្បធម៌ អរិយធម៌ ប្រពៃណីកម្ពុជាឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។ ហើយមួយវិញទៀតយើងនឹងផ្សារភ្ជាប់ប្រព័ន្ធតិចណូឡូជី ជាមួយវប្បធម៌កម្ពុជា ដូចជាការសម្ដែងរបាំ ការតាំងពិព័រណ៍ ផលិតផលខ្មែរ ដើម្បីដាក់បង្ហាញនៅកម្មវិធី Software ដំណោះស្រាយ ឬជាគំនិតច្នៃប្រឌិតណាមួយ ទៅគណៈប្រតិភូ អាស៊ាន ទាំងអស់ និងប្រទេសដែលជាសមាជិអាស៊ានទាំងអស់បានទស្សនា និងយល់ច្បាស់ពីប្រទេសកម្ពុជា។
សម្រាប់ជ័យលាភីដែលទទួលបានចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់ ICT នេះ នឹងទទួលបានពាន់រង្វាន់ជាទឹកប្រាក់ សម្រាប់ជ័យលាភីលេខ១ទទួលបានទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ ជ័យលាភីលេខ២ ទទួលបាន ទឹកប្រាក់ចំនួន៣ពាន់ដុល្លារ និងជ័យលាភីលេខ៣ទទួលបានទឹកប្រាក់១ពាន់ដុល្លារ។
សូមបញ្ជាក់ថា កាលពីឆ្នំា២០១៦កន្លងទៅ មានបេក្ខជន១១ក្រុមទទួលបានឱកាសចូលរួមក្នុងកម្មវិធីពានរង្វាន់ICT អាស៊ានដែល បានរៀបចំឡើងក្នុងប្រទេសមីយ៉ាន់ម៉ា ដោយក្នុងនោះមានកម្ពុជាចំនួន២ក្រុម ទទួលបានពាន់រង្វាន់ ICT អាស៊ាន នៅក្នុងប្រទេសប្រុយណេ គឺក្រុមហ៊ុន TosFund ដែលទទួលបាន(មេដាយប្រាក់) និងក្រុមហ៊ុន Cambo Ticket (ទទួលបានមេដាយសំរិទ្ធ)៕