(ភ្នំពេញ)៖ ក្រុមហ៊ុន SCG ជាក្រុមហ៊ុនឈានមុខផ្នែកអាជីវកម្មប្រកបដោយនិរន្តរភាពនៅអាស៊ាន បានបន្តបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើតថ្មី និងនិរន្តរភាពនៅក្នុងតំបន់ ហើយលើកនេះបានឧបត្ថម្ភដល់កម្មវិធីសហការរវាងសមាគមអ្នកសារព័ត៌មានថៃ (TJA) និងក្លឹបអ្នកកាសែតកម្ពុជា (CCJ) ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលភាសាថៃ ដោយឥតគិតថ្លៃដល់អ្នកសារព័ត៌មានកម្ពុជា ។
កម្មវិធី ដែលមានឈ្មោះថា «វគ្គបណ្ដុះបណ្ដាលភាសាថៃសម្រាប់អ្នកសារព័ត៌មានកម្ពុជា» ហើយបានចាប់ផ្ដើមជាផ្លូវការកាលពីពេលថ្មីៗនេះ គឺជាកម្មវិធីបណ្ដុះបណ្ដាលប្រចាំសប្ដាហ៍នេះមានរយៈពេល ១០សប្ដាហ៍ ដែលត្រូវបានរៀបចំឡើងដើម្បីបំពាក់បំប៉នជំនាញភាសាថៃមូលដ្ឋានដល់អ្នកសារព័ត៌មានកម្ពុជា ដើម្បីឲ្យពួកគាត់អាចប្រាស្រ័យទាក់ទង និងសហការជាមួយនឹងអ្នកសារព័ត៌មានថៃ នៅក្នុងកម្មវិធីផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងគម្រោងទ្វេភាគីផ្សេងទៀត ។
លោក រ៉ូណាយុត ម៉ាណាសាធាន ប្រធានគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ នៃក្រុមហ៊ុន SCG កម្ពុជា បានថ្លែងថា យើងគិតថា លទ្ធភាពប្រាស្រ័យទាក់ទងគ្នាក្នុងភាសាជាតិជារឿងសំខាន់ កម្មវិធីនេះមានសារសំខាន់ព្រោះ ក្លឹបអ្នកកាសែតកម្ពុជា គឺជាស្ថាប័នមួយដែលឧស្សាហ៍ត្រូវសហការជាមួយអ្នកសារព័ត៌មាន ពីប្រទេសផ្សេងទៀត ដូចជា ប្រទេសថៃ ជាដើម ដូច្នេះ ប្រសិនបើពួកគាត់អាចនិយាយគ្នាបានជាភាសាជាតិបាន នោះវាអាចជួយអោយពួកគាត់ស្វែងយល់ពីវប្បធម៌ និងអំពីគ្នាទៅវិញទៅមកកាន់តែច្បាស់» ។
តំណាងមកពីភាគីកម្ពុជា គឺលោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា (CCJ) បានថ្លែងថា «លទ្ធផលរំពឹងទុកនោះគឺ អ្នកសារព័ត៌មានកម្ពុជា នឹងអាចទំនាក់ទំនងជាមួយជនជាតិថៃ ដោយប្រើភាសាថៃ ហើយអ្នកកាសែតថៃនឹងអាចទំនាក់ទំនងជាមួយអ្នកកាសែតកម្ពុជា ដោយប្រើភាសាខ្មែរ ។ ទំនាក់ទំនងនេះនឹងធ្វើឲ្យមានភាពកាន់តែជិតស្និទ និងការយល់គ្នាកាន់តែច្បាស់ ជាងការប្រើភាសាបរទេស ដូចជាភាសាអង់គ្លេសជាដើម ដើម្បីប្រាស្រ័យទាក់ទងគ្នា» ។
ស្របតាមចក្ខុវិស័យថ្មីរបស់ក្រុមហ៊ុន ក្នុងការក្លាយជាក្រុមហ៊ុនឈានមុខនៅក្នុងតំបន់ ដោយផ្ដោតលើការបង្កើតថ្មី និងនិរន្តរភាព ក្រុមហ៊ុន SCG យល់ពីសារសំខាន់នៃចក្ខុវិស័យសមាហរណកម្មអាស៊ាន និងរាល់ប្រភេទនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេស ជាពិសេសកិច្ចសហការដែលសម្របសម្រួលឲ្យមានការផ្លាស់ប្ដូរចំណេះដឹងដើម្បីផ្ទេរឲ្យគ្នាទៅវិញទៅមកនូវរាល់ទម្លាប់ប្រតិបត្តិល្អៗ ។
យោងតាមក្រុមហ៊ុនSCG ការគាំទ្រនេះមិនមែនមានតែមួយលើកនេះតែប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុន SCG នឹងគាំទ្រដល់ TJA និងCCJ រៀបចំកម្មវិធីផ្លាស់ប្ដូរអ្នកសារព័ត៌មានថៃ-កម្ពុជា ហើយនឹងគាំទ្រគំនិតផ្ដួចផ្ដើមស្រដៀងគ្នានេះ នៅតាមបណ្ដាប្រទេសអាស៊ានផ្សេងទៀត ដែលមានប្រតិបត្តិការរបស់ក្រុមហ៊ុន ។
ម្ដងហើយម្ដងទៀត ក្រុមហ៊ុន SCG បង្ហាញថា ក្រុមហ៊ុនមានការប្ដេជ្ញាចិត្ត ក្នុងការប្រកបអាជីវកម្មដោយអនុលោមទៅតាមអភិបាលកិច្ចក្រុមហ៊ុនល្អ និងគោលការណ៍អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដោយជួយសហគមន៍មូលដ្ឋានឲ្យរីកចម្រើន តាមរយៈការបង្កើតការងារធ្វើ និងកម្មវិធីសង្គមផ្សេងៗ ។ វប្បធម៌យូរអង្វែងរបស់ក្រុមហ៊ុនក្នុងការរៀនសូត្រ កែសម្រួល និងការអភិវឌ្ឍន៍នៅគ្រប់តំបន់ទាំងអស់ បានជួយឲ្យក្រុមហ៊ុន SCG ក្លាយជាក្រុមហ៊ុនឈានមុខគេ និងមានការទទួលស្គាល់យ៉ាងទូលំទូលាយថាជាក្រុមហ៊ុនគំរូសម្រាប់អាជីវកម្មដទៃទៀត ទាំងក្នុងស្រុក និងនៅលើឆាកអន្តរជាតិ ៕