(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ បានដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ប្រចាំខែកុម្ភៈ ដើម្បីដាក់​ផែនការមួយចំនួន ក្នុងការលុបបំបាត់បទល្មើសនានាតាមមូលដ្ឋាន ក៏ដូចជា ការពង្រឹងសុវត្ថិភាពនិងសណ្តាប់ធ្នាប់​កាន់តែល្អប្រសើរ ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។

ជាមួយគ្នានេះលោកអភិបាលខណ្ឌ ក៏បានផ្តល់ថវិកាមួយចំនួនជាការលើកទឹកចិត្តជូន សមត្ថកិច្ចផងដែរ​ ដែលមានស្នាដៃ​ក្នុងការបង្ក្រាបបទល្មើស។  

ក្នុងកិច្ចប្រជុំនេះលោក នុត ពុធដារ៉ា បានណែនាំដល់អង្គប្រជុំលើខ្លឹមសារសំខាន់ៗដូចខាងក្រោម៖

*ជំរុញការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពទាំង០៩ចំណុចឲ្យមានប្រសិទ្ធិភាព
*ជំរុញបន្ថែមឲ្យកងកម្លាំងយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា ក្នុងការស្រាវជ្រាវ ទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងមូលដ្ឋាន និងប្រកាសផ្តល់រវង្វាន់ លើកទឹកចិត្តដល់កងកម្លាំង ដែលបានបានខិតខំ បង្ក្រាបបទល្មើសគ្រឿងញៀន
*លប់បំបាត់ប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់ (កុងត្រូលជជុះ) កុំឲ្យកើតមានក្នុងមូលដ្ឋានខណ្ឌ
* ការងារសណ្តាប់ធ្នាប់តាមដងផ្លូវ ផ្សារ និងទីសាធារណៈនានាឲ្យមានសណ្តាប់ធ្នាប់ល្អ  
* យកចិត្តទុកដាក់បន្ថែមចំពោះការងារអនាម័យ បរិស្ថាន ដើម្បីចូលរួមការប្រឡងប្រណាំងទីក្រុងស្អាត
* លប់បំបាត់សំណង់ខុសច្បាប់ និងសំណង់គ្មានច្បាប់ទាំងអស់ក្នុងមូលដ្ឋាន

ក្នុងឱកាសនោះផងដែរ លោកអភិបាលខណ្ឌ ក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់អធិការដ្ឋាននគរបាលខណ្ឌ ដែលមាន​ស្នាដៃល្អ​ក្នុងការបង្ក្រាបបទល្មើស ០២ករណី ចំនួន៨០ម៉ឺនរៀល និងឧបត្ថម្ភបន្ថែមដល់អធិការដ្ឋាននគរបាលខណ្ឌ និងមូលដ្ឋាន​កងរាជអាវុធហត្ថខណ្ឌ សម្រាប់ការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន នូវប្រេងសាំង៥០០លីត្រ ក្នុងមួយអង្គភាព។  

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានធ្វើពិធីប្រកាសតែងតាំងកញ្ញា អៀម ស្រីណុច ជាស្មៀនសង្កាត់សាក់សំពៅ និងផ្ទេរភារកិច្ច លោកស្រី ពេជ្រ សុវណ្ណារី ជាមន្ត្រីសាលាខណ្ឌដង្កោវិញផងដែរ៕