(ព្រះសីហនុ)៖ ស្រ្តីជនជាតិអង់គ្លេសម្នាក់ ដែលបានចុះងូតទឹកសមុទ្រ ហើយបានបាត់ខ្លួនមិនដឹងមូលហេតុ តាំងពីវេលាម៉ោង១៥៖២០នាទីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចពយយាយម៉ៅ ភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុនោះ រហូតមកដល់រសៀលថ្ងៃនេះ សពស្រ្តីរងគ្រោះ ត្រូវបានរកឃើញហើយ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា សពស្រ្តីរងគ្រោះត្រូវបានរកឃើញ នៅចំណុចពយយាយម៉ៅ នៅវេលាម៉ោង១រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ទីកន្លែងដែលបាត់ខ្លួន។ បើតាមលោកស្នងការ តាមការពិនិត្យរបស់ការិយាល័យកោសល្យវិច្ច័យ ឲ្យឃើញថា សាកសពនេះពិតជាលង់ទឹកសមុទ្រពិតប្រាកដមែន។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ROBERT AISHA.IFE ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខGBR ៥៣០៤៨១៨០៧ViSA លេខTI១២១៦៣៣១៨។ ស្រ្តីរងគ្រោះ បានចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ផុតកំណត់ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៧ ហើយស្នាក់នៅផ្ទះសំណាក់ឌឺលុច ទើបបាន២ថ្ងៃ ប៉ុណ្ណោះ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧៕