(ភ្នំពេញ)៖ ពលរដ្ឋខ្មែររងគ្រោះ២នាក់ នៅប្រទេសឥណ្ឌូនេស៊ី នឹងធ្វើមាតុភូមិនិវត្តន៍មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ វេលាម៉ោង១៧៖៣០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ តាមជើងយន្តហោះ MH762 ។
ដំណើរត្រលប់មកកម្ពុជានាពេលនេះ ធ្វើឡើងក្រោយពីមានអន្តរាគមន៍ពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី សហការជាមួយអាជ្ញាធរឥណ្ឌូនេស៊ី និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះផ្សាយថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
តាមការណែនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ីបាននិងកំពុង ទាមទារប្រាក់ខែនិងផលប្រយោជន៍ផ្សេងៗទៀតពីម្ចាស់ទូកនេសាទ ជូនពលករខ្មែររងគ្រោះទាំង១៨នាក់នេះ។
សូមរំលឹកថា ពលរដ្ឋខ្មែរទាំង២នាក់ ត្រូវបានការិយាល័យអន្តោប្រវេសន៍ប្រចាំកោះRiau ស្នើទុកសម្រាប់ធ្វើជាសាក្សី ដើម្បីកាត់ ទោសម្ចាស់ទូកនេសាទ។ ពលរដ្ឋខ្មែររងគ្រោះចំនួន២នាក់ខាងលើនេះ គឺស្ថិតនៅក្នុងចំណោម ពលរដ្ឋខ្មែររងគ្រោះ១៨នាក់ (១៦នាក់ បានមកដល់កម្ពុជា កាលពីខែមករាឆ្នាំ២០១៧)៕