(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបង្គាប់ឱ្យទាហានទាំងអស់ ចេញមុខមុនគេក្នុងការការពារសន្តិភាពដែលកម្ពុជាកំពុងមានសព្វថ្ងៃ ដើម្បីកុំឱ្យបុគ្គលណាមួយ មកបំផ្លិចបំផ្លាញសន្តិភាពនេះបាន។
លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានប្រកាសបែបនេះ នៅក្នុងពិធីសម្ពោធយានដ្ឋានជួសជុលរថយន្តជាជំនួយកងទ័ពរំដោះប្រជាជនចិន និងសមិទ្ធផល របស់កងពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះថា «ត្រូវតែការពារ ត្រូវតែប្តូរផ្តាច់ៗមុនគេតែម្តង មិនឱ្យនរណាមួយមកបំផ្លិចបំផ្លាញនូវសន្តិភាពដែលរកបានយ៉ាងលំបាក បានជាដាច់ខាត»។ លោកបានបន្ថែមថា «បក្សខ្លះ បាននិយាយថា អ្នកពាក់ឯកសណ្ឋាន ដើរនិយាយពីនយោបាយ វាមិនសមស្រប ប៉ុន្តែពេលខ្លះអ្នកពាក់ឯកសណ្ឋាននេះ គឺបានចំណាយសាច់ឈាមច្រើន ក្នុងរយៈពេលកន្លងមក បាននាំមកនូវសន្តិភាព នាំមកនូវស្ថិរភាព បាននាំមកនូវការរីកចំរើន»។
ឧបនាយករដ្ឋមន្រ្តី ថែមទៀតរិះគន់ ដល់បុគ្គលមួយចំនួន ដែលបាននិយាយវាយប្រហារទៅលើរាជរដ្ឋាភិបាល។ លោកចាត់ទុកថា ការវាយប្រហារទាំងនោះ គឺជាការញុះញង់បង្កចលាចល។ លោកថ្លែងថា «ពេលខ្លះ គេលើកឡើង អត់មានគិតគូរទេ អំពីភាពរីកចំរើនដែលនាំគេមកក្រអើតក្រទមគ្រប់ទិសទី និយាយស្តីបានតាមចិត្ត សុទ្ធតែចោទថា គំរាមកំហែង ផ្តាច់ការ មិនគោរពសិទ្ធិមនុស្ស មិនគោរពប្រជាធិបតេយ្យជាដើម។...គ្រប់វោហាសារដែលចេញមក គឺជាការញុះញង់ ចោទប្រកាន់ទៅដល់អ្នកដែលខិតខំធ្វើការអភិវឌ្ឍនាំឱ្យជាតិយើងរីកចំរើននេះ»។
លោកបន្ថែម៖ «បុគ្គលខ្លះ ប៉ះពារបន្តិចបន្តួច ហើយយកទៅពង្រីកឱ្យធំ។ ទីចុងបំផុតគេសម្តៅថា ឥឡូវនៅមិនបានទៀតទេ ត្រូវតែដូរចេញ ដូរ ដូរ។ ភាសារដូររបស់គេ គឺទៅណាទៅណីវែងឆ្ងាយពិបាកយល់»៕