(កំពង់ធំ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រមហកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧​ បានប្រ​គល់​ផ្ទះថ្មីចំនួន១១ខ្នង ជូនទៅដល់ស្រ្ដីមេម៉ាយ និងចាស់ជរាទីទ័លក្រ ដែលគ្មានលំនៅដ្ឋានក្នុងភូមិ៣ ឃុំទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ផ្ទះថ្មីទាំង១១ខ្នងនេះ ត្រូវបានផ្ដល់ជូនជាផ្លូវការដោយលោកស្រី ខៀវ ស៊ីណា អនុប្រធានកិត្តិយសសាខាកាកបាទក្រហម
កម្ពុជាខេត្តកំពង់ធំ ជូនទៅដល់ស្រ្ដីមេម៉ាយ និងចាស់ជរា។ ការប្រគល់អំណោយនេះសរបញ្ជាក់ពីទឹកចិត្តស្មោះសរ ការគោរពអាណិត ស្រលាញ់ចំពោះ ​អ្នក​ស្រុកភូមិ ប្រជាពលរដ្ឋដែលជួបប្រទះភាពក្រីក្រ របស់សម្ដេចកត្តិព្រឹទ្ធបណ្ឌិត។

ផ្ទះទាំង១១ខ្នងនេះ ត្រូវបានប្រគល់ឲ្យអ្នកភូមិចំនួន៣រួមមាន៖ ភូមិសែនអភិវឌ្ឍន៍១, ភូមិសែនអភិវឌ្ឍន៍២, និងភូមិ​អូរធំ ដែលស្ថិត​នៅក្នុងតំបន់ដីសម្បទាន សង្គមកិច្ច ក្នុងឃុំពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានការនិមន្តចូលរួម​ពីសម្ដេចឧត្ដម​ចរិយា​បណ្ឌិត ឈឹង ប៊ុនឈា សមាជិកថេរសភាសង្ឃនៃ ព្រះរាជាណាចក្រកម្ពុជា និងព្រះញ្ញាណវង្ស ឃឹម សន ព្រះមរគណរាជ​ធានីភ្នំពេញផងដែរ។

ជាមួយនឹងការប្រគល់ផ្ទះថ្មីនេះដែរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្ដល់អំណោយ ដល់គ្រួសារដែលទទួលបានផ្ទះ​ថ្មីទាំង១១​គ្រួសារ ផងដែរ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ, មី, ស្កស, ទឹកត្រី, ទឹកស៊ីអ៊ីវ ,ទឹកសុទ្ធ, ប៊ីចេង, ថ្នាំពេទ្យ, សំម្លៀកបំពាក់ និងថវិកា២០ម៉ឺនរៀល ព្រមទាំងបានផ្ដល់ជូនថ្នាំពេទ្យ និងថវិកាមួយចំនួន ជូនដល់លោកយាយ លោកតា សិស្សានុសិស្សនិងអ្នកចូលរួមផងដែរ។

សូមរំលឹកថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ផ្ទះ៤៥ខ្នង ក៏ត្រូវបានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូនប្រជា​ពលរដ្ឋងាយរងគ្រោះ ជាស្ត្រីមេម៉ាយ និងចាស់ជរា ផងដែររស់នៅភូមិ៣ គឺភូមិសែន អភិវឌ្ឍន៍១, ភូមិសែនអភិវឌ្ឍន៍២និង ភូមិអូរធំ ស្ថិតក្នុងតំបន់ដីសម្បទានសង្គមមកិច្ច ក្នុងឃុំពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំតាមរយៈ លោកស្រី ខៀវ ស៊ីណា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។

លោក ឆាយ យូ មេឃុំទីពោធិ៍បានបញ្ជាក់ថា តំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំពោធិ៍ ដែលប្រជាពលរដ្ឋបាន និងកំពុងស្នាក់​នៅនាបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋដែល ទទួលបានដីសម្បទានសង្គមកិច្ច និងកំពុងរស់នៅក្នុងភូមិទាំង៣នេះ មានចំនួន​៤៤៧០នាក់ ស្មើនឹង៧៧៩គ្រួសារ ហើយភូមិទាំង៣នេះ ក៏​បាន​ទទួលស្គាល់ស្របច្បាប់ពីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១០។

សូមបញ្ជាក់ថាគិតចាប់ពីឆ្នាំ២០០៨ មកដល់ត្រឹមបំណាច់ឆ្នាំ២០១៦ តាមរយៈលោកស្រី ខៀវ ស៊ីណា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​បានជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា និងគ្រួសារស្ត្រីមេម៉ាយនៅក្នុងស្រុកសន្ទុក រាប់បញ្ជូលទាំង៤៥ខ្នង នៅតំបន់ភូមិអភិវឌ្ឍន៏នេះ គឺមានចំនួន២៦៨ខ្នងហើយ៕