(បន្ទាយមានជ័យ)៖ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបញ្ជាឲ្យកម្លាំងជំនាញ បើកការស៊ើបអង្កេតនិងស្រាវជ្រាវឡើងវិញ ទៅលើគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តរបស់ លោក ប៉ីណា ស៊ី អនុប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បុកជាមួយម៉ូតូមួយគ្រឿង បណ្តាលឲ្យស្លាប់២នាក់ និងរងរបួសធ្ងន់ម្នាក់ នៅក្រុងប៉ោយប៉ែត។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅ ផ្លូវលំចាក់បេតុងមួយកន្លែង ត្រង់ចំណុចស្តង់ជ្រូក ភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រវាងរថយន្តមួយគ្រឿងម៉ាក Pickup Ford Ranger ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AQ-0808 និងម៉ូតូម៉ាកហុងឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ1M-2410។ គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យជនរងគ្រោះ២នាក់ បានស្លាប់ និងម្នាក់រងរបួសធ្ងន់។
តាមសេចក្តីរាយការណ៍ភ្លាមៗ បន្ទាប់ពីកើតហេតុ បានឲ្យដឹងថា អ្នកបើករថយន្តទៅបុកម៉ូតូនោះ គឺលោក ប៉ី ណាស៊ី អនុប្រធានការិយាល័យកណ្តាល ព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ ប៉ុន្តែសម្រាប់សមត្ថកិច្ចវិញ មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយកំពុងតែធ្វើការស្រាវជ្រាវ ពីព្រោះពេលនោះ អ្នកបើករថយន្តបានរត់គេចខ្លួនបាត់។
មន្រ្តីសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា បានថ្លែងប្រាប់អង្គភាព Fresh News ថា ចំពោះករណី គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ រហូតមានស្លាប់ និងរបួស៣នាក់នេះ តែលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា មិនបានដឹងនោះទេ រហូតមកដល់ថ្ងៃនេះ។ បន្ទាប់ពីទទួលបានព័ត៌មាននៅថ្ងៃនេះ លោក មាស ច័ន្ទពិសិដ្ឋ បានបញ្ជាទៅមន្រ្តីជំនាញធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតឡើងវិញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ចំពោះគ្រោះថ្នាក់ចរាចរណ៍នេះ លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ករណីនេះរថយន្ត គឺជារបស់លោក ប៉ី ណាស៊ី ពិតមែន តែសម្រាប់អ្នកបើកបរ លោកមិនទាន់អាចបញ្ជាក់ថា គាត់ ឬអ្នកផ្សេងនោះទេ ពីព្រោះក្រោយកើតហេតុភ្លាមៗ អ្នកបើកបរបានរត់គេចខ្លួនបាត់។ យ៉ាងណាក៏ដោយ អធិការក្រុងប៉ោយប៉ែតរូបនេះ បាននិងកំពុងធ្វើការស្រាវជ្រាវផងដែរ ដើម្បីស្វែងរកចាប់ខ្លួនអ្នកបើករថយន្ត។
ជាមួយគ្នានេះ លោក ធិន ស៊ិនដេត ក៏បានច្រានចោលផងដែរ ចំពោះការចោទប្រកាន់មកថា មន្រ្តីរបស់លោកបានដោះលែងអ្នកបើករថយន្ត ពេលកើតហេតុភ្លាមៗ។ លោកបានបញ្ជាក់ថា យើងមិនបានដោះលែងអ្នកបើកបរនោះទេ បើចាប់មនុស្សមិនបានផង តើដោះលែងយ៉ាងមិច ពីព្រោះគេរត់គេចខ្លួនបាត់ហើយ។
យោងតាមរបាយការណ៍ របស់សមត្ថកិច្ចមូលដ្ឋាន បានបង្ហាញថា ជនរងគ្រោះទាំង៣នាក់រួមមាន៖ ទី១៖ ឈ្មោះ ស្រី នី ភេទស្រី មានអាយុ១៨ឆ្នាំ (អ្នកបើកម៉ូតូ) ទី២៖ ឈ្មោះ សំបូរ ហៅពៅ អាយុ១៨ឆ្នាំ ស្លាប់ពេលដឹកដល់មន្ទីរពេទ្យ និងទី៣៖ ឈ្មោះ ន រាណ៍ ភេទស្រី អាយុ១៧ឆ្នាំ រងរបួសធ្ងន់ អ្នកទាំង៣រស់នៅ ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ។
បើតាមលោកអធិការក្រុងប៉ោយប៉ែត គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅលើផ្លូវចាក់បេតុង ដែលខាងរថយន្តបើកតាមស្តាំរបស់គេ រីឯម៉ូតូ ដោយសារផ្លូវនៅខាងស្តាំ ចាក់បេតុងនោះ គឺត្រូវឡើងទៅលើផ្លូវម្ខាងជាមួយរថយន្ត ហើយក៏បុកគ្នាតែម្តង។ សម្រាប់វត្ថុតាងទាំងរថយន្ត និងម៉ូតូ ត្រូវបាន យកមករក្សាទុកនៅអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ដើម្បីចាត់ការបន្តទៀត៕