(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបន្តយុទ្ធនាការចុះត្រួតពិនិត្យទំនិញ ដែលលក់ដូរនៅតាមផ្សារ និងហាងមួយចំនួន នៅខាងលិចទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ។
លោក តែ អ៊ិតលាង អនុប្រធានសាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលដឹកនាំមន្រ្តីចុះពិនិត្យទំនិញទាំងនេះ បានថ្លែងថា ផ្សារដែលក្រុមការងារបានយកជាគោកដៅនោះ រួមមាន៖ ផ្សារទំនើប ខាយសាន, ផ្សារទំនើប មិនជូ, ផ្សារទំនើបជិនលីហូ, ផ្សារទំនើបគ្រួសាររីករាយ និងផ្សារទំនើប Pencil។
លោកអនុប្រធានបានបន្តថា នៅក្នុងឱកាសនោះ ក្រុមការងារក៏បានពិនិត្យលើស្លាកសញ្ញាទំនិញ វេចខ្ចប់ស្រាប់, ពិនិត្យកាលបរិច្ឆេទប្រើប្រាស់របស់ទំនិញ, ការណែនាំឲ្យរៀបចំទុកដាក់ទំនិញឲ្យមានលក្ខណៈសមស្រប មានលក្ខណៈបច្ចេកទេស។
ជាមួយគ្នានេះ ក្រុមការងារ ក៏បានតាមដានលើទំនិញតៅហ៊ូ (Sichuan Soya Beancurd with Chili and sesame oil មានប្រភពដើមនៅតៃវ៉ាន់ ដែលមជ្ឈលមណ្ឌលសុវត្ថិភាពម្ហូបអាហារ ក្រុងហុងកុងបានជូនដំណឹងអំពីការរកឃើញវត្តមាន បាក់តេរី Bacillus Cereus ក្នុងផលិតផលនេះ តែលទ្ធផលយើងពុំឃើញមានទំនិញតៅហ៊ូនេះ ដាក់លើទីផ្សារនោះឡើយ។
លោកបានបន្តទៀតថា មន្រ្តីរបស់លោក និងក្រុមការងារក៏បានចែក Sticker ស្តីអំពីការអបរំនូវសុវត្ថិភាព ចំណីអាហារដល់បងប្អូន ប្រជាពលរដ្ឋ និងអាជីវករផងដែរ ដើម្បីចូលរួមទាំងអស់ ក្នុងការលើកកម្ពស់អំពីការលក់ដូរចំណីអាហារ កុំឲ្យខូចគុណភាព និងហួសដឺឡេ៕