(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata នៅថ្ងៃទី១៤កុម្ភៈនេះ បើកសម្ពោធគម្រោងថ្មី «Smart Start» ដើម្បីបណ្ដុំសហគ្រិនវ័យក្មេង ក្នុងវិស័យឌីជីថល ដែលនឹងបង្កើននូវភាពងាយស្រួល ដល់យុវជនសម័យថ្មី ។
នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata ថូម៉ាស ហ៊ុនបានថ្លែងថា ក្រុមហ៊ុន Smart ជាដៃគូអភិវឌ្ឍ និងវិនិយោគ ក្នុង រយៈពេលវែង ក្នុងវិស័យទូរគមនាគមន៍ចល័តកម្ពុជាជាយូរមកហើយ ដូចនេះយើងនឹងជួយជំរុញ និងអភិវឌ្ឍទេពកោសល្យ ដែលមិនទាន់បានដុសខាត់របស់ពួកគេ ជាមួយកម្មវិធីSmart Start ដែលត្រូវបានរៀបចំឡើងក្នុងរបៀបមួយ ដែលនឹងមិនគ្រាន់តែផ្តល់ឱ្យនិស្សិត នូវចំណេះដឹងថ្មីៗ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយគាំទ្រ ផ្នែកឧបករណ៍បច្ចេកទេស ផ្តល់បទពិសោធន៍ ការបង្ហាត់បង្ហាញ និងការគាំទ្រផ្នែកថវិកាផងដែរ។
ព្រមជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ហង់ ជួនណារ៉ុន បានថ្លែងផងដែរថា បដិវត្តន៍ឧស្សាហកម្មទី៤ ដែលផ្តោតលើបច្ចេកវិទ្យាឌីជីថល និងការធ្វើស្វ័យប្រវត្តិកម្មជាដើម នឹងឈានមកដល់ នាពេលអនាគតឆាប់ៗខាងមុខ ដូចនេះហើយយុវជនកម្ពុជាជំនាន់ក្រោយ ត្រូវតែបំពាក់បំប៉នសមត្ថភាពរបស់ខ្លួន ជាមួយនឹងចំណេះដឹង និងជំនាញក្នុងផ្នែកព័ត៌មានវិទ្យា។
លោកបន្តថា «ពិសេសកម្មវិធី Smart Start នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍសង្គមការងារ ដែលផ្អែកលើចំណេះដឹង នៅកម្ពុជា ហើយ ខ្ញុំសូមលើកទឹកចិត្ត ឲ្យយុវវ័យ ដែលមានគំនិតច្នៃប្រឌិត ពីសាកលវិទ្យាល័យ ចាប់យកឱកាសនេះ ដែលកំពុងផ្តល់ឲ្យ ដោយក្រុមហ៊ុន Smart នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ»។ ទន្ទឹមនឹងនោះ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា កាន ច័ន្ទមេត្តា បានលើកឡើងថា យុទ្ធសាស្រ្តស្នូលមួយ ក្នុងការអភិវឌ្ឍ វិស័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (T-ICT) របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា គឺការពង្រឹងមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍ T-ICT តាមរយៈការអភិវឌ្ឍ សមត្ថភាពផ្នែកព័ត៌មានវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ខ្ញុំរីករាយ ពេលដែលក្រុមហ៊ុន Smart ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តដើរតួនាទីយ៉ាងសកម្ម ក្នុងការគាំទ្រដល់គោលនយោបាយនេះ តាមរយៈការបង្កើតគំនិតផ្តួចផ្តើមផ្សេងៗ រួមទាំងកម្មវិធី Smart Start ដែលត្រូវបានសម្ពោធក្នុងថ្ងៃនេះ ជាដើម ហើយជាមួយនឹងការគាំទ្រ ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍»។
គួរបញ្ជាក់ថា និស្សិត កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានជាតិ ប្រៃសណីយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលអាចចូលរួមក្នុងកម្មវិធី SmartStart នៅឆ្នាំនេះ ហើយនៅឆ្នាំបន្ទាប់ៗទៀត និស្សិតនៅតាមសាកលវិទ្យាល័យ កាន់តែច្រើននៅទូទាំងប្រទេស នឹងមានឱកាសចូលរួម ជាមួយកម្មវិធី SmartStart បាន ៕