(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពដីមួយកន្លែង ដែលបានបម្រុងទុកសម្រាប់អង្គភាពពន្ធនាគារ នៅតំបន់ព្រៃអញ្ចាញ ក្នុងឃុំដំរីស្លាប់ ឃុំត្បែង និងឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្រោយពីការចុះពិនិត្យរួចរាល់ លោកអភិបាលខេត្ត បានស្នើឲ្យក្រុមការងាររៀបចំដី ដែលនៅសល់ចំនួន១៥៥ហិកតា ប្រគល់ជូនទៅអង្គភាពពន្ធនាគារ សម្រាប់សាងស់ពន្ធនាគារ និងអភិវឌ្ឍន៍កសិកម្ម ហើយសូមឲ្យធ្វើការកាយព្រំព័ទ្ធជុំវិញ ដើម្បីកុំឲ្យមានការចូលទន្ទ្រានបន្តទៅទៀត។
ជាមួយគ្នានោះ លោកអភិបាលខេត្ត សុខ លូ បានឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវរៀបចំនីតិវិធីចុះបញ្ជីដីរដ្ឋ ជូនអង្គភាពពន្ធនាគារ ក្រោយពីបានកាត់ផលប៉ះពាល់រួចរាល់៕