(ព្រះសីហនុ)៖ ស្រ្តីជនជាតិអង់គ្លេសម្នាក់ បានចុះងូតទឹកសមុទ្រ ហើយបានបាត់ខ្លួនមិនដឹងមូលហេតុ រហូតដល់ពេលនេះ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ កំពុងស្វែងរក តែពុំទាន់ឃើញនៅឡើយទេ តាំងពីវេលាម៉ោង១៥៖២០នាទីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចពយយាយម៉ៅ ភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសដែលបាត់ខ្លួនឈ្មោះ ROBERT AISHA.IFE ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខGBR ៥៣០៤៨១៨០៧ViSA លេខTI១២១៦៣៣១៨។ ស្រ្តីរងគ្រោះ បានចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ផុតកំណត់ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៧ ហើយស្នាក់នៅផ្ទះសំណាក់ឌឺលុច ទើបបាន២ថ្ងៃ ប៉ុណ្ណោះ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
ដោយឡែកមួយករណីទៀតនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សមត្ថកិច្ចបានឃើញសាកសពទឹក នៅចំណុចពយគីងគួក ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពអណ្ដែតឈ្មោះ ចៃ ភេទប្រុស អាយុប្រហែល២០ឆ្នាំ ស្រុកកំណើត ភូមិចំលងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង បានបាត់ខ្លួនរយៈពេលពីរថ្ងៃមកហើយ (ពីថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០១៧)៕