(ភ្នំពេញ)៖ លោកស្រី អ៊ុំ គឹមធីណូន ភរិយាលោក យស ប៉ោ អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងជាអតីតអគ្គលេខាធិការ នៃរណៈសិរ្សសាមគ្គីសង្គ្រោះជាតិ និងកសាងមាតុភូមិកម្ពុជា ដែលត្រូវភាគីម្ខាងទៀត ព្រួតវាយរហួតរងរបួសធ្ងន់ស្ទើរស្លាប់នោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានជួយដោះស្រាយបញ្ចប់បញ្ហារបស់គាត់។
លោកស្រី អ៊ុំ គឹមធីណូន នៅក្នុងលិខិតថ្លែងអំណរគុណរបស់ខ្លួន បាននិយាយថា «នាងខ្ញុំសូមថ្លែងអំណរគុណ ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានយកចិត្តជួយដោះស្រាយដល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ក៏ដូចជាខ្ញុំ ដែលជាជនរងគ្រោះ ក្នុងករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១៧ នៅត្រង់ចំណុចមុខផ្ទះលេខ១០៣០ ផ្លូវលេខ៨៧ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ»។
គួរបញ្ជាក់ថា អំពើហិង្សាខាងលើកើតចេញពីការចាក់ធុងបាស រាំកម្សាន្តនៅថ្ងៃសែនចូលឆ្នាំចិន នៅក្នុងភូមិទ្រា២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល៥៖០០ល្ងាច ថ្ងៃ២៧ ខែមករា ឆ្នាំ២០១៧ ដោយសារភាគីទាំង២ ទាស់គ្នារឿងចាក់ធុងបាស់លឺៗខ្លាំងពេក។
ជុំវិញករណីនេះ អធិការនគរបាលខណ្ឌមានជ័យ លោក តេង ស៊ីណូ បានថ្លែងប្រាប់អង្គភាព Fresh News ថា តាមពិតនៅពេលកើតហេតុនោះ ខាងនគរបាលប៉ុស្តិ៍ បានទទួលពាក្យបណ្តឹង រួចហើយក៏ឲ្យទៅពេទ្យសិន ប៉ុន្តែនៅថ្ងៃស្អែក ខាងប៉ុស្តិ៍ហៅមកសួរនាំ តែគាត់មិនព្រមទៅ បែរជាទៅប្តឹងខាងមន្រ្តីអាវុធហត្ថទៅវិញ។
សម្រាប់ជម្លោះនេះ ខាងភាគីម្ខាងទៀត ក៏បានចេញមុខបកស្រាយថា ករណីនេះត្រូវបានដោះស្រាយ និងបញ្ចប់រួចរាល់ហើយ គឺសងសំណង៣៥០០ដុល្លារ។
លោក ទ្រី លឹមហេង តំណាងឲ្យភាគីបង្កជម្លោះដែលជាចុងបណ្តឹង បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ករណីមានជម្លោះឈានដល់ការបង្កអហិង្សាជាមួយ លោកស្រី អ៊ុំ គឹមធីណូន អាយុជាង៥០ឆ្នាំ ភរិយារបស់លោក យស ប៉ោ បានកើតឡើងពិតមែន ប៉ុន្តែត្រូវបានដោះស្រាយ និងបញ្ចប់រួចរាល់ហើយ ក្រោយសងសំណង៣៥០០ដុល្លារ៕