(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី មែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា ក្នុងលទ្ធផល នៃការអនុវត្តការងារនៅឆ្នាំ២០១៦ ក្រសួងអធិការកិច្ច បានស្រាវជ្រាវរកឃើញថា ការគ្រប់គ្រងមន្រ្តីរាជការមិនទាន់បានហ្មត់ចត់ ឯការតែងតាំងមន្រ្តីក៏មិនទាន់ស្របតាមរចនាសម្ព័ន្ធ ហើយក្រសួងក៏បានរកឃើញកំហុសឆ្គង និងចំណុចខ្វះខាតជាច្រើនទៀត។
ចំណុចរសើបនេះត្រូវបានលោកស្រីឧបនាយករដ្ឋមន្រ្តី លើកឡើងក្នុងសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៦ និងលើកទិសដៅការងារ ឆ្នាំ២០១៧ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅស្តីទីក្រសួងអធិការកិច្ច ដោយមានការចូលរួមពីប្រធានមន្ទីរទាំង២៥ រាជធានី-ខេត្ត។
ឧបនាយករដ្ឋមន្រ្តី មែន សំអន បញ្ជាក់ថា «ចំណុចខ្វះខាត និងកំហុសដែលក្រសួងរកឃើញ រួមមាន ការគ្រប់គ្រងមន្រ្តីរាជការមិនទាន់បានហ្មត់ចត់ មិនទាន់បានតែងតាំងមន្រ្តីស្របតាមរចនាសម្ព័ន្ធ ការអនុវត្តនូវតួនាទីភារកិច្ចមិនទាន់ពេញលេញ»។
លោកស្រីឧបនាយករដ្ឋមន្រ្តីបានបន្ដថា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រព្រឹត្តទៅមិនសមស្របតាមនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តិ ការចំណាយថវិការដ្ឋមិនទាន់បានអនុវត្តត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ការធ្វើអាជីវកម្មខ្លះ មិនបានបង់ចំណូលចូលថវិការដ្ឋ អាជីវកម្មភាស៊ីភាគច្រើន មិនបានអនុវត្តតាមកិច្ចសន្យា និងសៀវភៅបន្ទុក ការធ្វើអាជីវកម្មក្នុងវិស័យព្រៃឈើ នៅមានភាពអនាធិបតេយ្យ និងនៅមានការរំលោភបំពានដីធ្លីរបស់ប្រជាពលរដ្ឋជាដើម ដែលបង្កជាទំនាស់ដ៏រ៉ាំរ៉ៃ។
លោកស្រី ម៉ែន សំអន បានពន្យល់ថា ក្រោយពីធ្វើអធិការកិច្ច និងការណែនាំមក ក្រសួងបានសង្កេតឃើញ និងវាយតម្លៃថា កំហុស និងបាតុភាពអសកម្មទាំងនោះ ត្រូវបានកែលម្អទាន់ជាបន្តបន្ទាប់ និងទាន់ពេលវេលា ហើយបានថយចុះគួរឲ្យគត់សម្គាល់។ ប្រការនេះនាំឲ្យក្រសួងស្ថាប័ន និងអង្គការពាក់ព័ន្ធបានបង្កើនការប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់សកម្មភាពការងាររបស់ខ្លួន ស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់ និងអភិបាលកិច្ចល្អ។
លោកស្រីបានបន្ថែមថា «យើងក៏បានរកឃើញកំហុស និងបាតុភាពអសកម្មមួយចំនួន ដែលកើតឡើងបណ្តាលមកពីចន្លោះប្រហោង នៃការដឹកនាំគ្រប់គ្រង់នៅតាមបណ្តាក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ និងមន្ទីរអង្គភាពមួយចំនួន ដែលធ្វើឲ្យមានការខ្ជះខ្ជាយ និងបាត់បង់ថវិកា និងទ្រព្យសម្បតិ្តរដ្ឋជាច្រើន»។
ទោះយ៉ាងណា ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានជំរុញឲ្យមន្ទីរទាំងអស់ចូលរួមអនុវត្តន៍ការងារ ឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕