(សេអ៊ូល)៖ មរណៈភាពបងប្រុសម្ដាយទីទៃរបស់មេដឹកនាំកូរ៉ខាងជើង លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ បាននិងកំពុងធ្វើឱ្យគេចាប់អារម្មណ៍ជាខ្លាំង ខណៈសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងសុទ្ធតែសង្ស័យថា របបដឹកនាំទីក្រុងព្យុងយ៉ាងអាចជាអ្នកនៅពីក្រោយអំពើឃាតកម្មនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក គីម ជុងណំា មានអាយុ៤៦ឆ្នាំ កើតនៅក្នុងទីក្រុងព្យុងយ៉ាង គឺជាកូនប្រុសច្បងនៃអតីតមេដឹកនាំទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ីល ជាមួយនឹងលោកស្រី សុង ហ៊ីរីម (Song Hye-rim) ដែលជាសិល្បករកូរ៉េខាងជើងម្នាក់។ ករណីឃាតកម្មលើរូបលោក កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ក៏ប៉ុន្តែបើតាមសេចក្ដីរាយការណ៍ដំបូង លោក គីម ជុងណាំ ត្រូវបានគេលួចបំពុលឱ្យស្លាប់នៅឯអាកាសយានដ្ឋានក្នុងទីក្រុង Kuala Lumpur កាលពីថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ដោយស្ត្រីពីរនាក់ដែលគេជឿជាក់ថាជាទីភ្នាក់ងារចារកម្មកូរ៉េខាងជើង ដែលបានទទួលបញ្ជាពីរបបដឹកនាំលោក គីម ជុងអ៊ុន ហើយបច្ចុប្បន្នស្ត្រីទាំងពីរនាក់នេះកំពុងរត់គេចខ្លួន។
គួរបញ្ជាក់ថាបើតាមទីក្រុងសេអ៊ូល ចាប់តាំងពីលោក គីម ជុងអ៊ុន ឡើងកាន់អំណាចនៅឆ្នាំ២០១១មក មេដឹកនាំវ័យក្មេងរូបនេះ បានចាប់ផ្ដើមពង្រឹងអំណាចតាមរយៈការបោសសំអាតរាល់មន្ត្រីកូរ៉េខាងជើងទំាងឡាយណាដែលលោកសង្ស័យថាជាជនក្បត់ ឬក៏គំរាមកំហែងដល់អំណាចរបស់លោក ពោលគឺសូម្បីតែពូបង្កើត គឺលោក ចាង សុងតេក ក៏មិនអាចគេចផុតពីទោសប្រហារជីវិតដែរ។
ដូច្នេះទើបករណីឃាតកម្មលើលោក គីម ជុងណាំ ត្រូវបានទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងសង្ស័យថា របបដឹកនាំទីក្រុងព្យុងយ៉ាងបច្ចុប្បន្ន អាចជាអ្នកបញ្ជានៅពីក្រោយ។ ម្យ៉ាងវិញទៀតការសន្និដ្ឋានបែបនេះ ក៏មិនមែនគ្មានមូលដ្ឋាននោះដែរ ត្បិតគេធា្លប់បានដឹងហើយថា លោក គីម ជុងណាំ គឺជាមនុស្សម្នាក់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ ឥស្សរៈជនចិនជាន់ខ្ពស់ជាច្រើននាក់ និងរស់នៅក្រោមការការពារពីសំណាក់អាជ្ញាធរចិន ហើយមិនតែប៉ុណ្ណោះថ្នាក់ដឹកនាំជាន់ខ្ពស់កូរ៉េខាងជើង ដែលស្និទ្ធនឹងលោក គីម អ៊ីលស៊ុង (ជីតាលោក គីម ជុងណាំ និងលោក គីម ជុងអ៊ុន) ក៏ពេញចិត្តពេញថ្លើមនឹងរូបលោកផងដែររហូតដល់មានពាក្យចរចាមអារ៉ាម នៅអំឡុងឆ្នាំ២០១១ថា លោកអាចនឹងឡើងបន្តតំណែងជំនួសលោក គីម ជុងអ៊ីល ទៀតផង។
គួររំលឹកថាកាលពីឆ្នាំ២០១៤ លោក គីម ជុងណាំ ត្រូវបានគេជូនដំណឹងថា លោកអាចនឹងមានគ្រោះថ្នាក់ បន្ទាប់ពីលោកហ៊ានរិះគន់លើរបបដឹកនាំលោក គីម ជុងអ៊ុន។ ជាងនេះទៅទៀតកាលពីឆ្នាំ២០១១ សារព័ត៌មានកូរ៉េខាងត្បូង នាំគ្នាចុះផ្សាយព្រោងព្រាតថា លោកត្រូវបានគេប៉ុនប៉ងធ្វើឃាត នៅក្នុងទីក្រុងម៉ាកាវ ក៏ប៉ុន្តែទីភ្នាក់ចារកម្មចិននាមរារាំងទាន់ពេលវេលា រីឯទីក្រុងព្យុងយ៉ាងបានក្លាយជាជនសង្ស័យទី១ នៅក្នុងកែវភ្នែករដ្ឋាភិបាលទីក្រុងសេអ៊ូល៕