(ភ្នំពេញ)៖ កីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានចាប់ផ្ដើមហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មីនៃក្លឹប Fujieda MYFC របស់ប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ បន្ទាប់ពីគេធ្វើដំណើរទៅដល់ប្រទេសស្ថិតក្នុងទ្វីបអាស៊ីមួយនេះកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ ដើម្បីចូលរួមជាមួយក្លឹបលំដាប់លីគទី៣ របស់ជប៉ុន។
ភ្លាមៗបន្ទាប់ពីខ្សែប្រយុទ្ធជំនាញជើងឆ្វេងធ្វើដំណើរទៅដល់ជប៉ុន គេមិនបានហ្វឹកហាត់ភ្លាមនោះទេ ដោយមិនទាន់ស៊ាំនឹងអាកាសធាតុនៅទីនោះ ហើយការហ្វឹកហាត់ថ្ងៃដំបូងនេះ វឌ្ឍនាកា ក៏ព្យាយាមទាំងមានអាការៈឈឺក្បាល និងឈឺសាច់ដុំភ្លៅបន្ដិចបន្ទួចនៅឡើយ។ នេះបើយោងតាមទំព័រ Facebook ជាភាសាខ្មែរបស់ក្លឹប Fujieda ទើបបង្ហោះមុននេះបន្ដិច។
គួរបញ្ជាក់ថា ចាន់ វឌ្ឍនាកា បានចាកចេញពីកម្ពុជា ទៅចូលរួមជាមួយក្លឹបបាល់ទាត់អាជីព Fujieda MYFC កាលពីយប់ថ្ងៃទី១២ ខែកុម្ភៈកន្លងទៅ ដោយនឹងបង្ហាញខ្លួនពេញ១រដូវកាលជាមួយក្លឹបសមាជិកលីគលំដាប់ទី៣ របស់ជប៉ុននេះ ក្នុងលក្ខខណ្ឌខ្ចីជើង។ ប៉ុន្ដែចំពោះតម្លៃខ្លួននៃការផ្ទេរ ក៏ដូចជាប្រាក់ខែ ទទួលបានពីការទៅលេងឲ្យក្លឹប Fujieda MYFC មិនត្រូវបានភាគីពាក់ព័ន្ធក្លឹបបឹងកេតអង្គរ របស់កម្ពុជា និងក្លឹប Fujieda ទម្លាយឲ្យដឹងនោះទេ៕